ការិយាល័យរដ្ឋអាជ្ញាកណ្តាលទីក្រុងសេអ៊ូល បានសម្រេចទម្លាក់ចោលការចោទប្រកាន់ប្រឆាំងអំពើពុករលួយ ចំពោះភរិយារបស់លោកប្រធានាធិបតី Yoon Suk-yeol ដោយបិទការស៊ើបអង្កេតលើការចោទប្រកាន់ ដែលថា លោកស្រីបានទទួលកាបូបប្រណីតម៉ាក Christian Dior និងអំណោយថ្លៃៗផ្សេងទៀត ជាថ្នូរនឹងការគាំទ្រ។
បើយោងតាមមជ្ឈដ្ឋានអ្នកច្បាប់ កាលពីថ្ងៃពុធ (ទី២១ ខែសីហា) បានឲ្យដឹងថា ការិយាល័យរដ្ឋអាជ្ញា ដែលទទួលបន្ទុកសំណុំរឿងរបស់លោកស្រី Kim Keon-hee ថ្មីៗនេះ បានសម្រេចមិនចោទប្រកាន់ និងរាយការណ៍សេចក្តីសម្រេចរបស់ខ្លួនទៅកាន់អគ្គរដ្ឋអាជ្ញា លោក Lee One-seok។ រដ្ឋអាជ្ញាបានសម្រេចទម្លាក់សំណុំរឿងនេះ ដោយលើកឡើងពីការមានភ័ស្តុតាងមិនគ្រប់គ្រាន់ ដើម្បីបញ្ជាក់ថា លោកស្រី Kim បានរំលោភលើច្បាប់ ស្តីពីសំណូមពរមិនត្រឹមត្រូវ និងអំពើពុករលួយ។
ការសម្រេចនេះត្រូវបានធ្វើឡើងក្រោយរយៈពេល ៤ខែ បន្ទាប់ពីប្រធានអយ្យការ បានបញ្ជាឲ្យការិយាល័យប្រចាំតំបន់បង្កើតក្រុមស៊ើបអង្កេតពិសេស សម្រាប់ករណីនេះ។
បើតាមសេចក្ដីរាយការណ៍ព័ត៌មាន បានឲ្យដឹងថា ការិយាល័យរដ្ឋអាជ្ញា បានសន្និដ្ឋានថា ការចោទប្រកាន់ដែលថា លោកស្រី Kim បំពានច្បាប់ប្រឆាំងអំពើពុករលួយរបស់ប្រទេសកូរ៉េខាងត្បូង មិនអាចធ្វើឡើងប្រឆាំងនឹងលោកស្រីបានឡើយ ពាក់ព័ន្ធនឹងការចោទប្រកាន់ ដែលថា លោកស្រីបានទទួលកាបូបប្រណីតតម្លៃ ៣លានវ៉ុន (២.២៥៥ដុល្លារ) និងអំណោយថ្លៃៗផ្សេងទៀតពីជនជាតិអាមេរិកដើមកំណើតកូរ៉េខាងត្បូង គឺគ្រូគង្វាល Choi Jae-young កាលពី ២ឆ្នាំមុន៕