ភ្នំពេញ ៖ លោក Somsak Tepsuthinរដ្ឋមន្រ្តីក្រសួងយុត្តិធម៌របស់ព្រះរាជាណាចក្រថៃ បានសន្យាថា នឹងជួយទប់ស្កាត់រាល់ទង្វើរបស់ក្រុមសកម្មជនខ្មែរ ដែលកំពុងស្នាក់អាស្រ័យនៅលើទឹកដីថៃ ហើយមានសកម្មភាពនានាដើម្បីប្រឆាំង និងជេរប្រមាថដល់រាជរដ្ឋាភិបាលកម្ពុជាឲ្យខាងតែបាន ។
ការសន្យារបស់រដ្ឋមន្រ្តីក្រសួងយុត្តិធម៌ថៃនេះ គឺបានធ្វើឡើង បន្ទាប់ពីមានសំណើររបស់ឯកឧត្តមបណ្ឌិត សុខ សុក្រឹត្យា រដ្ឋលេខាធិការក្រសួងទេសចរណ៍កម្ពុជាដោយឯកឧត្តម បានស្នើដល់ភាគីថៃ ឲ្យបន្តជួយទប់ស្កាត់សកម្មភាពរបស់សកម្មជនក្រុមប្រឆាំង ដែលកំពុងរស់នៅប្រទេសថៃ និងយកទឹកដីថៃធ្វើសកម្មភាពនយោបាយប្រឆាំងរាជរដ្ឋាភិបាលកម្ពុជា និងជេរប្រមាថថ្នាក់ដឹកនាំក្នុងជួររាជរដ្ឋាភិបាលកម្ពុជា តាមបណ្តាញសង្គម និងសារព័ត៌មានជាតិ-អន្តរជាតិ ដែលមានប្រភពនៅក្នុងប្រទេសថៃជាដើម។ល។
នៅក្នុងកិច្ចជំនួបពិភាក្សាគ្នាកាលពីម្សិលមិញ នៅវិមានព្រឹទ្ធសភា ទីក្រុងបាងកកប្រទេសថៃ នោះលោក Somsak Tepsuthinបានបញ្ជាក់ថា «ខ្ញុំនឹងទទួលយកសំណើរបស់កម្ពុជា ដោយសន្យានឹងជួយទប់ស្កាត់សកម្មភាពរបស់ក្រុមប្រឆាំង ដែលមានបំណងធ្វើសកម្មភាពនានា ដើម្បីប្រឆាំងរាជរដ្ឋាភិបាលកម្ពុជាឲ្យខាងតែបាន»។
ជាមួយគ្នានោះដែរ លោក Somsak Tepsuthin រដ្ឋមន្រ្តីក្រសួងយុត្តិធម៌ថៃ ក៏នមានជំនឿជឿជាក់លើនយោបាយ ឈ្នះ ឈ្នះ របស់សម្តេចតេជោ ដែលបច្ចុប្បន្ន កម្ពុជាកំពុងស្ថិតនៅក្នុងដំណាក់កាលកំណែទម្រង់ស៊ីជម្រៅលើគ្រប់វិស័យបន្ទាប់ពីវិបត្តិកូវីដ-១៩ ជាពិសេស កំណែទម្រង់ស៊ីជម្រៅលើវិស័យទេសចរណ៍។
សូមបញ្ជាក់ថា នៅក្នុងកិច្ចជំនួបនោះ ឯកឧត្តមបណ្ឌិត សុខ សុក្រឹត្យា រដ្ឋលេខាធិការក្រសួងទេសចរណ៍ បានស្នើដល់ភាគីថៃ ជួយពង្រឹង និងបង្កើនទំនាក់ទំនងរវាងកម្ពុជា-ថៃ ឲ្យកាន់តែល្អប្រសើបន្ថែមទៀតក្នុងវិស័យយុត្តិធម៌។ ស្នើបន្តជំរុញ និងលើកកំពស់កិច្ចសហការគ្នាឲ្យកាន់តែជិតស្និទ្ធ និងកាន់តែមានប្រសិទ្ធភាពថែមទៀត ជាពិសេស ជំនួយទៅវិញទៅមកលើផ្នែកច្បាប់ និងសន្តិសុខជាដើម៕
អត្ថបទ ៖ បាន ចក់



