យោធាចិន បានប្រាប់ឲ្យដឹងថា ខ្លួនបានតាមមើល និងព្រមាននាវាពិឃាតអាមេរិក នៅពេលដែលនាវានោះបានបើកឆ្លងកាត់ច្រកសមុទ្រតៃវ៉ាន់ នៅថ្ងៃព្រហស្បតិ៍ (ទី២២ ខែសីហា) ដោយនេះជាការឆ្លងកាត់ផ្លូវទឹកដ៏រសើបចុងក្រោយបង្អស់ ដែលធ្វើឲ្យទីក្រុងប៉េកាំងមិនសប្បាយចិត្ត។
គួរបញ្ជាក់ថា ប្រទេសចិនអះអាងអធិបតេយ្យភាពលើកោះតៃវ៉ាន់ដែលគ្រប់គ្រងខ្លួនឯងតាមបែបប្រជាធិបតេយ្យ ហើយនិយាយថា ខ្លួនមានយុត្តាធិការលើច្រកសមុទ្រនេះ។ កោះតៃវ៉ាន់ និងសហរដ្ឋអាមេរិកជំទាស់នឹងការអះអាងនោះ ដោយនិយាយថា ច្រកសមុទ្រតៃវ៉ាន់ជាផ្លូវទឹកអន្តរជាតិ។
កងនាវាចរទី៧ របស់កងទ័ពជើងទឹកអាមេរិក បានឲ្យដឹងនៅក្នុងសេចក្តីថ្លែងការណ៍មួយថា នាវាពិឃាត USS Ralph Johnson បានធ្វើដំណើរ «តាមទម្លាប់» ឆ្លងកាត់ច្រកសមុទ្រនេះ ស្របតាមច្បាប់អន្តរជាតិ។
យោធារបស់ប្រទេសចិន បានពណ៌នាការធ្វើនាវាចរណ៍នេះថា ជា «ការឃោសនាបំផ្លើសសាធារណៈ« ដោយបន្ថែមថា ខ្លួនបានបញ្ជូនកងនាវាចរ និងទ័ពអាកាសទៅត្រួតពិនិត្យ ហើយព្រមាននាវាអាមេរិក និង «ដោះស្រាយជាមួយនាវានេះ ដោយអនុលោមតាមច្បាប់ និងបទប្បញ្ញត្តិ»។
អាជ្ញាធរការពារកោះតៃវ៉ាន់ បាននិយាយថា នាវានេះបានបើកក្នុងទិសដៅពីជើងទៅត្បូង ឆ្លងកាត់ច្រកសមុទ្រ ហើយកងកម្លាំងកោះតៃវ៉ាន់ បានតាមដានស្ថានការណ៍ ប៉ុន្តែមិនមានអ្វីប្លែកនោះឡើយ៕