វិបត្តិមនុស្សធម៌នៅក្នុងប្រទេសស៊ូដង់ បានធ្វើឲ្យករណីឆ្លងជំងឺអាសន្នរោគកាន់តែធ្ងន់ធ្ងរទៅ ក្រោយពេលប្រទេសញាំញីដោយសារភ្លើងសង្រ្គាមមួយនេះ រកឃើញករណីឆ្លងជំងឺជិត ៦០០នាក់ ចាប់តាំងពីខែកក្កដារហូតមក ។
រដ្ឋមន្រ្តីក្រសួងសុខាភិបាលស៊ូដង់លោក Haitham Mohammed Ibrahim បាននិយាយកាលពីថ្ងៃពុធថា ប្រទេសរបស់លោក រកឃើញករណីឆ្លងជំងឺអាសន្នរោគ ៥៩៣នាក់ និងករណីស្លាប់ ២៨នាក់ ចាប់តាំងពីប្រកាសការរីករាលដាលឆ្លងជំងឺមួយនេះ កាលពីថ្ងៃទី ២៣ ខែកក្កដា ។
លោកបន្តថា អង្គការសុខភាពលោក(WHO) និងមូលនិធិកុមារអន្តរជាតិអង្គការសហប្រជាជាតិ(UNICEF) បានសហប្រតិបត្តិការជាមួយក្រសួងសុខាភិបាលស៊ូដង់ ដើម្បីបាញ់សារធាតុក្ល និងបើកការព្យាបាល ក៏ដូចជាបង្កើតមណ្ឌលដាក់ឲ្យនៅដាច់ដោយឡែក នៅតាមតំបន់ដែលមានករណីឆ្លងជំងឺច្រើន ។
លោក Mohammed Dawoud គឺជាមន្រ្តីសុខភាពរដ្ឋ Al-Qadarif និយាយថា លំហូរមនុស្សដោយសារសង្រ្គាមកំពុងបន្ត បានធ្វើឲ្យក្សត់ខ្សោយធនធាននៅតាមទីក្រុងជាច្រើន ធ្វើឲ្យការរីករាលដាលជំងឺអាសន្នរោគកាន់តែខ្លាំង ។
ជំងឺឆ្លង រួមទាំងជំងឺអាសន្នរោគ និងរលាកស្រោមខួរ កំពុងរីករាលដាលយ៉ាងឆាប់រហ័សនៅក្នុងប្រទេសស៊ូដង់ ដោយសារជម្លោះអូសបន្លាយពេល បានធ្វើឲ្យប៉ះពាល់យ៉ាងធ្ងន់ធ្ងរដល់វិស័យសុខភាពនៅក្នុងប្រទេសមួយនេះ ស្របពេលមានភ្លៀងធ្លាក់ខ្លាំង និងទឹកជំនន់ ។
ប្រទេសមួយនេះ បានប្រឈមនឹងវិបត្តិអត់ឃ្លានទ្រង់ទ្រាយធំបំផុតរបស់ពិភពលោកផងដែរ ក្នុងនោះមនុស្ស ២៥,៦លាននាក់ ស្ថិតក្នុងភាពអត់ឃ្លានធ្ងន់ធ្ងរ ហើយប្រព័ន្ធសុខភាព ស្ថិតក្នុងស្ថានភាពច្របូកច្របល់ដោយសារកង្វះខាតការមកដល់ជំនួយមនុស្សធម៌ នៅតាមតំបន់ជាច្រើន ៕

