ការិយាល័យរបស់ប្រធានាធិបតីបារាំង នៅថ្ងៃព្រហស្បតិ៍ (ទី២២ ខែសីហា) នេះ បានប្រាប់ឲ្យដឹងថា មេដឹកនាំបារាំង លោក Emmanuel Macron នឹងប្រើប្រាស់ការធ្វើដំណើរទៅកាន់ប្រទេសស៊ែប៊ី នៅចុងខែនេះ ដើម្បីពិភាក្សាអំពីការពង្រឹងទំនាក់ទំនងសេដ្ឋកិច្ច រវាងប្រទេសទាំង២ និងតួនាទីរបស់ស៊ែប៊ី នៅក្នុងវិស័យបញ្ញាសិប្បនិម្មិត (AI)។
ប្រទេសស៊ែប៊ីបានដាក់ខ្លួនថា ជាអ្នកនាំមុខក្នុងតំបន់ ក្នុងការស្រាវជ្រាវ AI ហើយនឹងធ្វើជាប្រធានភាពជាដៃគូសកល ស្តីពីបញ្ញាសិប្បនិម្មិត ដែលជាគំនិតផ្តួចផ្តើមបង្កើតឡើងដោយលោក Macron និងនាយករដ្ឋមន្ត្រីកាណាដាលោក Justin Trudeau ក្នុងគោលបំណងត្រួតពិនិត្យការអភិវឌ្ឍប្រកបដោយការទទួលខុសត្រូវរបស់ AI នៅឆ្នាំ២០២៥។
លោក Macron នឹងជួបពិភាក្សាជាមួយប្រធានាធិបតីស៊ែប៊ី លោក Aleksandar Vucic អំឡុងដំណើរទស្សនកិច្ចរបស់លោកទៅកាន់ប្រទេសនេះ ពីថ្ងៃទី២៩ ខែសីហា ដល់ថ្ងៃទី៣០ ខែសីហា។
ការិល័យប្រធានាធិបតីបារាំង បានឲ្យដឹងថា៖ «មេដឹកនាំទាំង២ ក៏នឹងធ្វើការជាមួយគ្នា ពាក់ព័ន្ធនឹងហានិភ័យនៃតួនាទីរបស់បញ្ញាសិប្បនិមិត្តផងដែរ ដោយប្រទេសស៊ែប៊ីនឹងធ្វើជាប្រធាននៃភាពជាដៃគូសកលស្តីពីបញ្ញាសិប្បនិម្មិត ហើយប្រទេសបារាំងនឹងធ្វើជាម្ចាស់ផ្ទះរៀបចំកិច្ចប្រជុំកំពូលសកម្មភាព AI នៅឆ្នាំ២០២៥»។
គួរបញ្ជាក់ថា ដំណើរទស្សនកិច្ចរបស់លោក Macron នេះ កើតឡើង ១ខែបន្ទាប់ពីស៊ែប៊ី និងសហភាពអឺរ៉ុប បានចុះហត្ថលេខាលើកិច្ចព្រមព្រៀងផ្តល់ឲ្យសហភាពអឺរ៉ុបទទួលបានវត្ថុធាតុដើម ដែលត្រូវបានជីកនៅស៊ែប៊ី៕