នៅក្នុងសេចក្តីថ្លែងការណ៍មួយដែលបានចេញផ្សាយនៅលើគេហទំព័រ និងគណនី X របស់ខ្លួន ក្រសួងការបរទេសជប៉ុន បាននិយាយថា៖«កាលពីថ្ងៃទី ២១ ខែសីហា រដ្ឋមន្ត្រីការបរទេសជប៉ុន លោកស្រី Kamikawa បានផ្ញើលិខិតអបអរសាទរជូនលោក Seyyed Abbas Araghchi' រដ្ឋមន្ត្រីក្រសួងការបរទេសនៃសាធារណរដ្ឋឥស្លាមអ៊ីរ៉ង់ ដែលចូលកាន់តំណែងក្នុងថ្ងៃតែមួយ»។
សេចក្តីថ្លែងការណ៍នៅក្នុងគេហទំព័រក្រសួងការបរទេសរបស់ប្រទេសជប៉ុន បាននិយាយបន្ថែមទៀតថា៖« នៅក្នុងលិខិតនោះ លោកស្រីរដ្ឋមន្ត្រី Kamikawa បានបង្ហាញក្តីសង្ឃឹមខ្ពស់ចំពោះអ៊ីរ៉ង់ក្នុងការដើរតួនាទីស្ថាបនាបន្ថែមទៀតឆ្ពោះ ទៅរកសន្តិភាព និងស្ថិរភាពនៅមជ្ឈិមបូព៌ា និងជំរុញកិច្ចសហប្រតិបត្តិការជាមួយសហគមន៍អន្តរជាតិ។
លោកស្រីរដ្ឋមន្ត្រី Kamikawa ក៏បានបញ្ជាក់ផងដែរថា លោកស្រី ព្យាយាមធ្វើការរួមគ្នាជាមួយរដ្ឋមន្ត្រីការបរទេសថ្មី លោក Araghchi ដែលជាអតីតឯកអគ្គរដ្ឋទូតប្រចាំជប៉ុន និងជាអ្នកជំនាញទទួលបន្ទុកកិច្ចការពាក់ព័ន្ធនឹងប្រទេសជប៉ុន ដើម្បីបង្កើតទំនាក់ទំនងទ្វេភាគី ដោយផ្អែកលើទំនាក់ទំនងមិត្តភាពជាប្រវត្តិសាស្ត្រ និងសហការយ៉ាងជិតស្និទ្ធ ដើម្បីបន្ធូរបន្ថយភាពតានតឹង និងធ្វើឲ្យស្ថានភាពនៅមជ្ឈិមបូព៌ា មានស្ថិរភាព។
កាលពីថ្ងៃពុធ លោក Seyed Abbas Araghchi អតីតអនុរដ្ឋមន្ត្រីការបរទេសអ៊ីរ៉ង់ពីឆ្នាំ ២០១៧ ដល់ឆ្នាំ ២០២១ ត្រូវបានបោះឆ្នោតសម្តែងការទុកចិត្តពីសភាអ៊ីរ៉ង់ ហើយត្រូវបានតែងតាំង ជារដ្ឋមន្ត្រីការបរទេស អ៊ីរ៉ង់ថ្មី។