អ្នកនាំពាក្យក្រសួងការបរទេសចិននិយាយនៅថ្ងៃព្រហស្បតិ៍នេះថា ទីក្រុងប៉េកាំង សូមធ្វើការជំទាស់យ៉ាងមុតមាំរាល់ប្រទេសណាមួយអនុញ្ញាតឲ្យសម្តេចសង្ឃ Dalai Lama បំពេញទស្សនកិច្ចទៅកាន់ប្រទេសរបស់ពួកគេ ក្រោមលេសណាមួយ ។
អ្នកនាំពាក្យក្រសួងការបរទេសចិនអ្នកស្រី Mao Ning និយាយនៅក្នុងសន្និសីទសារព័ត៌មានថា ការតែងតាំងជាអ្នកសម្របសម្រួលពិសេសតំបន់ទីបេតិ៍ ជាការជ្រៀតជ្រែកលើកិច្ចការផ្ទៃក្នុងចិន ។
គួរឲ្យដឹងថា ទីក្រុងប៉េកាំង បានចាត់ទុកមេដឹកនាំសាសនាទីបេតិ៍និរទេសខ្លួនអង្គនេះថាជា ជនផ្តាច់ខ្លួនដ៏គ្រោះថ្នាក់ ហើយនិងជំទាស់ការប្រាស្រ័យទាក់ទងជាមួយព្រះអង្គដោយមន្រ្តីប្រទេសណាមួយ ។
ក្រសួងការបរទេសសហរដ្ឋអាមេរិបាននិយាយថា កុ្រមមន្រ្តីជាន់ខ្ពស់មកពីក្រសួងការបរទេសសហរដ្ឋអាមេរិក និងសេតវិមាន បានជួបជាមួយសម្តេចសង្ឃ Dalai Lama នៅទីក្រុងញូវយ៉កកាលពីថ្ងៃពុធ និងបានបញ្ជាក់ការប្តេជ្ញាចិត្តរបស់សហរដ្ឋអាមេរិកចំពោះការធ្វើឲ្យល្អប្រសើរឡើងសិទ្ធិមនុស្សរបស់ពលរដ្ឋទីបេតិ៍ ។
ដោយឡែក កាលពីខែមុន ចិនបានបង្ហាញការជំទាស់យ៉ាងខ្លាំងចំពោះច្បាប់សហរដ្ឋអាមេរិក ដែលត្រូវបានចុះហត្ថលេខាដោយលោកប្រធានាធិបតី Joe Biden ដែលជំរុញឲ្យទីក្រុងប៉េកាំងដោះស្រាយជម្លោះលើការទាមទាររបស់តំបន់ទីបេតិ៍ឲ្យមានស្វ័យភាពកាន់តែល្អប្រសើរជាងនេះ ហើយទីក្រុងប៉េកាំងសន្យាថា នឹងការពារផលប្រយោជន៍របស់ខ្លួន ៕