ក្រសួងការបរទេសដឹកនាំដោយក្រុមតាលីបង់របស់ប្រទេសអាហ្វហ្គានីស្ថាន បានឲ្យដឹងថា ខ្លួនបានតែងតាំងឯកអគ្គរដ្ឋទូតដែលត្រូវបានទទួលស្គាល់ផ្លូវការដំបូងរបស់ខ្លួន ប្រចាំនៅប្រទេសអេមីរ៉ាតអារ៉ាប់រួម (អារ៉ាប់រួម) ជាប្រទេសទី២ ដែលទទួលយកបេសកជនក្នុងកម្រិតនោះ បន្ទាប់ពីប្រទេសចិន។ ក្រសួងការបរទេសអារ៉ាប់រួម មិនបានឆ្លើយតបភ្លាមៗនោះឡើយ ចំពោះសំណើសុំការអត្ថាធិប្បាយ។
គួរបញ្ជាក់ថា រដ្ឋាភិបាលរបស់ក្រុមតាលីបង់ មិនត្រូវបានទទួលស្គាល់ជាផ្លូវការនោះឡើយ ពីសំណាក់រដ្ឋធានីបរទេសណាមួយ ហើយមានតែទីក្រុងប៉េកាំងប៉ុណ្ណោះដែលបានទទួលយកជាផ្លូវការនូវលិខិតបញ្ជាក់ផ្លូវការរបស់ឯកអគ្គរដ្ឋទូត។
ក្រុមតាលីបង់ក៏បានបញ្ជូនបេសកជនទៅកាន់ប្រទេសមួយចំនួនផងដែរ ក្នុងនោះរួមទាំងប្រទេសជិតខាងប៉ាគីស្ថាន ដើម្បីដឹកនាំបេសកកម្ម ក្នុងឋានៈជា «ភារធារី»។
នៅក្នុងសេចក្តីថ្លែងការណ៍មួយ កាលពីល្ងាចថ្ងៃពុធ (ទី២១ ខែសីហា) ក្រសួងការបរទេសដែលគ្រប់គ្រងដោយក្រុមតាលីបង់ បានប្រាប់ឲ្យដឹងថា លោក Mawlawi Badreddin Haqqani ត្រូវបានតែងតាំងជាឯកអគ្គរដ្ឋទូតរបស់ខ្លួន និងបានបង្ហាញលិខិតទទួលស្គាល់ផ្លូវការរបស់លោកដល់មន្ត្រីជាន់ខ្ពស់របស់ក្រសួងការបរទេសអារ៉ាប់រួម សម្រាប់កិច្ចការពិធីការផ្សេងៗ៕