ប្រទេសថៃ នៅថ្ងៃព្រហស្បតិ៍ (ទី២២ សីហា) នេះ បានបញ្ជាក់អះអាងពីការមានករណីដំបូងគេរបស់តំបន់អាស៊ីដែលគេស្គាល់ថា វីរុសថ្មីនៃជំងឺអុតស្វាដែលគ្រោះថ្នាក់ខ្លាំងជាងមុន បន្ទាប់ពីបានពិនិត្យឃើញលើអ្នកជំងឺដែលបានធ្វើដំណើរមកពីតំបន់អាហ្វ្រិក។
អ្នកជំងឺរូបនោះបានទៅដល់ទីក្រុងបាងកក កាលពីថ្ងៃទី១៤ ខែសីហា ហើយត្រូវបានបញ្ជូនទៅកាន់មន្ទីរពេទ្យដោយមានរោគសញ្ញាជំងឺអុតស្វា។ នាយកដ្ឋានគ្រប់គ្រងជំងឺ បាននិយាយថា ការធ្វើតេស្តមន្ទីរពិសោធន៍លើបុរសជនជាតិអឺរ៉ុបវ័យ ៦៦ឆ្នាំ បានបញ្ជាក់ថា រូបគាត់បានឆ្លងវីរុសជំងឺអុតស្វាប្រភេទ Clade 1b។
នាយកដ្ឋាននេះបានឲ្យដឹងនៅក្នុងសេចក្តីថ្លែងការណ៍មួយថា៖ «នាយកដ្ឋានគ្រប់គ្រងជំងឺរបស់ប្រទេសថៃចង់បញ្ជាក់អះអាងពីលទ្ធផលនៃការធ្វើតេស្តមន្ទីរពិសោធន៍ ដែលបង្ហាញពីវីរុសជំងឺអុតស្វាប្រភេទ Clade 1b មាននៅក្នុងខ្លួនអ្នកជំងឺជនជាតិអឺរ៉ុប»។ ស្ថាប័ននេះបានបន្ថែមថា អង្គការសុខភាពពិភពលោក (WHO) នឹងត្រូវបានជូនដំណឹងអំពីការវិវត្តន៍នេះ។
ជាមួយគ្នានេះ នាយកដ្ឋានបានសង្កត់ធ្ងន់ថា អ្នកណាម្នាក់ដែលធ្វើដំណើរទៅកាន់ប្រទេសថៃ ពី «ប្រទេសមានហានិភ័យ» ចំនួន៤២ ត្រូវតែចុះឈ្មោះ និងឆ្លងកាត់ការធ្វើតេស្តនៅពេលទៅដល់។
គួរបញ្ជាក់ថា ករណីឆ្លង និងការស្លាប់ពីជំងឺអុតស្វា កំពុងកើនឡើងនៅក្នុងទ្វីបអាហ្រ្វិក ដែលការផ្ទុះឡើងត្រូវបានគេរាយការណ៍ នៅក្នុងសាធារណៈរដ្ឋប្រជាធិបតេយ្យកុងហ្គោ ប៊ូរុនឌី កេនយ៉ា រ្វ៉ាន់ដា និងអ៊ូហ្គង់ដា ចាប់តាំងពីខែកក្កដាមក។ អង្គការសុខភាពពិភពលោកបានប្រកាសភាពអាសន្នសុខភាពសាធារណៈសាកល ជុំវិញវីរុសជំងឺអុតស្វាប្រភេទថ្មី ដោយជំរុញឲ្យក្រុមហ៊ុនផលិតបង្កើនការផលិតវ៉ាក់សាំង៕