និស្សិត Shahed Abu Omar វ័យ ២០ឆ្នាំ ស្ថិតនៅក្នុងឆ្នាំសិក្សាទី ៣របស់នាង ផ្នែកវិទ្យាសាស្រ្តកុំព្យូទ័រ នៅឯសាកលវិទ្យាល័យ Al Azhar ស្ថិតក្នុងតំបន់ហ្កាហ្សា ពេលដែលវាក្លាយជាគំនរបាក់បែក ដោយសារយុទ្ធនាការសឹករបស់អ៊ីស្រាអែលនៅដែនដីប៉ាឡេស្ទីនមួយនេះ ។
បច្ចុប្បន្ន នាងស្ថិតក្នុងចំណោមនិស្សិតសាកលវិទ្យាល័យ ៩ម៉ឺននាក់ ជាប់ខ្លួននៅក្នុងសង្រ្គាម ពុំមើលឃើញសញ្ញានៃការបញ្ចប់ ដោយបំផ្លាញស្ថាប័នសិក្សាថ្នាក់ឧត្តមសិក្សាទាំងអស់ ១២ស្ថាប័ន នៅក្នុងតំបន់ហ្កាហ្សាស្រ្ទីប ។
ទោះបីជាយ៉ាងណាក៏ដោយ នាង Abu Omar បានប្តេជ្ញាចិត្តបន្តការសិក្សា ពុះពារធ្វើដំណើររាល់ថ្ងៃតាមផ្លូវដ៏គ្រោះថ្នាក់ទៅរកទីកន្លែងដែលមានអ៊ិនធឺណិត ដែលធ្វើឲ្យនាងអាចរៀនតាមអនឡាញបាន ។
នាងនិយាយថា ពួកយើងមិនអាចធ្វើដំណើរទៅកាន់សាកលវិទ្យាល័យរបស់ពួកយើង ឬសិក្សាឆ្ងាយពីវាបានទៀតទេ ។
អង្គុយនៅលើគំនរកម្ទេចកម្ទីផ្ទះរងការបំផ្លិចបំផ្លាញ នាង Abu Omar សិក្សាតាមទូរស័ព្ទដៃរបស់នាង ។ ម្តាយរបស់នាង គឺអ្នកស្រី Hanin Sarour និយាយថា ពួកគេត្រូវធ្វើដំណើរមកកាន់ទីនេះ ដើម្បីភ្ជាប់អ៊ិនធឺណិត ។
អ្នកស្រី Sarour និយាយថា រាល់ជំហានដែលពួកយើងដើរ គឺគ្រោះថ្នាក់ និងពិបាកខ្លាំងណាស់ ។ អ្នកស្រីបញ្ជាក់ថា ភាគច្រើននៃសាស្រ្តាចារ្យរបស់កូនស្រី Abu Omar នៅតំបន់ហ្កាហ្សាស្រ្ទីប មិនកើតអីនោះទេ ប៉ុន្តែពួកគេប្រឈមការលំបាកដូចកូនសិស្សរបស់ពួកគេដែរ ៕