សីតុណ្ហភាពហក់ឡើងខ្ពស់នៅក្នុងប្រទេសជប៉ុន បានបង្ខំឲ្យអ្នកចិញ្ចឹមគោគឺអ្នកស្រី Yuki Tamura ប្រើវិធីសាស្រ្តថ្មីខុសពីធម្មតា ដើម្បីធ្វើឲ្យសត្វគោរបស់គាត់ត្រជាក់ និងមានសុខភាពល្អ ដូចជាយកទឹកកករុំក.របស់វា ។
កាលពីខែកក្កដាកន្លងទៅ ទីក្រុង Sano ខេត្ត Tochigi សីតុណ្ហភាពបានកើនឡើងដល់ជាង ៤១អង្សាសេ ធ្វើឲ្យវាក្លាយជាសីតុណ្ហភាពខ្ពស់បំផុតនៅជប៉ុន ក្នុងឆ្នាំនេះ ។
សម្រាប់អ្នកស្រី Tamura សីតុណ្ហភាពខ្ពស់បែបនេះ បានក្លាយជាការងារដ៏លំបាកមួយរបស់គាត់ ។
អ្នកស្រីនិយាយថា បើសិនជាពួកយើងមិនចាត់វិធានការទប់ទល់ជាមួយកម្តៅទេនោះ សីតុណ្ហភាពក្នុងខ្លួនរបស់ពួកវា នឹងកើនឡើង ពួកវានឹងអាចឈឺ ដួលសន្លប់ និងងាប់ជាក់ជាពុំខាននោះឡើយ ។
ដើម្បីធ្វើឲ្យគោរបស់គាត់ត្រជាក់ កសិដ្ឋាន Tamura Farm ប្រើវិធីសាស្រ្តច្រើនយ៉ាង ។ ក្រោលចិញ្ចឹមគោរបស់គាត់ បំពាក់ដោយកង្ហា និងទុយយោបាញ់ទឹកបង្កើតជាសំណើមធ្វើឲ្យសីតុណ្ហភាពសត្វ ធ្លាក់ចុះ ហើយគាត់យកទឹកកកករុំក.សត្វគោផងដែរ ៕