ភ្នំពេញ៖ កម្លាំងនគរបាលផ្នែក ចរាចរណ៍សណ្ដាប់ធ្នាប់ខណ្ឌ៧មករា ចុះរៀបចំសណ្ដាប់ធ្នាប់ នៅតាមបណ្ដោយផ្លូវស្របសួនច្បារក្ដាន់២ មុខមន្ទីររៀបចំដែនដី និងនគរូបនីយកម្ម ដែលរថយន្តចតពេញផ្លូវ អមសងខាងផ្លូវ បណ្ដាលឲ្យមានការកកស្ទះចរាចរណ៍ពេញផ្លូវ ធ្វើឲ្យបងប្អូនប្រជាពលរដ្ឋលំបាកធ្វើដំណើរ។
ប្រតិបត្តិការការចុះរៀបចំសណ្ដាប់ធ្នាប់នេះ ដោយមានការណែនាំពីលោក លីម សុភា អភិបាល នៃគណៈអភិបាលខណ្ឌ៧មករា អនុញ្ញាតឲ្យលោកវរសេនីយ៍ឯក នេត ស៊ីថុន អធិការនគរបាលខណ្ឌ៧មករា ដឹកនាំដោយវរសេនីយ៍ត្រី ទឹម វុទ្ធី អធិការរងទទួលផែនសណ្ដាប់ធ្នាប់ចុះរៀបចំ នៅព្រឹកថ្ងៃទី១៤ ខែកញ្ញា ឆ្នាំ២០២១នេះ នៅចំណុចផ្លូវស្របសួនក្ដាន់ពីរ មុខមន្ទីររៀបចំដែនដី និងនគរូបនីយកម្ម មូលដ្ឋានសង្កាត់មិត្តភាព ខណ្ឌ៧មករា។
លោក វរសេនីយ៍ត្រី ទឹម វុទ្ធី អធិការរងទទួលផែនសណ្ដាប់ធ្នាប់ បានឲ្យដឹងថាតាមការណែនាំរបស់លោក អភិបាលខណ្ឌ គឺដោយមានការយោគយល់គ្នាជាមួយមន្ទីររៀបចំដែនដី និងនគរូបនីយកម្ម ខ្វះចំណតសម្រាប់មន្រ្តីអនុញ្ញាតឲ្យចតរថយន្តនៅចិញ្ជើមផ្លូវមួយចំហៀង តែហាមចតអមសងខាងផ្លូវបង្កការកកស្ទះ បើពុំដូច្នេះទេ កម្លាំងអាជ្ញាធរខណ្ឌនឹងស្ទួចរថយន្តយកទៅរក្សារទុកនៅអធិកាតដ្ឋាននគរបាលខណ្ឌ ដើម្បីធ្វើការពិន័យតាមច្បាប់៕
អត្ថបទ៖ កុម្ភះ





