នាយករដ្ឋមន្ត្រីប៉ូឡូញ លោក Donald Tusk នៅថ្ងៃព្រហស្បតិ៍ (ទី២២ ខែសីហា) នេះ បាននិយាយថា ប្រទេសរបស់លោកមានបំណងពង្រឹងកិច្ចសហប្រតិបត្តិការរបស់ខ្លួនជាមួយប្រទេសឥណ្ឌា ក្នុងឧស្សាហកម្មការពារជាតិ ខណៈដែលទីក្រុងវ៉ាសូវី ស្វែងរកអត្ថប្រយោជន៍ពីមហិច្ឆតារបស់ទីក្រុងញូវដេលី ក្នុងការធ្វើទំនើបកម្មកងកម្លាំងប្រដាប់អាវុធរបស់ខ្លួន និងស្វែងរកជម្រើសផ្សេង ដើម្បីគេចពីការពឹងផ្អែកលើរុស្ស៊ី។
គួរបញ្ជាក់ថា នាយករដ្ឋមន្ត្រីឥណ្ឌា លោក Narendra Modi កំពុងបំពេញទស្សនកិច្ច នៅទីក្រុងវ៉ាសូវី ក្នុងដំណើរផ្លូវឆ្ពោះទៅកាន់ទីក្រុងគីវ ជាកន្លែងដែលលោកបាននិយាយថា លោកនឹង «ចែករំលែកទស្សនៈ» ជុំវិញដំណោះស្រាយសន្តិភាព ក្នុងជម្លោះ រវាងអ៊ុយក្រែន និងរុស្ស៊ី។
ទស្សនកិច្ចនេះ កើតមានឡើងបន្ទាប់ពីដំណើរទស្សនកិច្ច នាថ្ងៃទី ៨-៩ ខែកក្កដា របស់លោក Modi ទៅកាន់ទីក្រុងមូស្គូ ជាការធ្វើដំណើរដែលបាននាំឲ្យមានការរិះគន់ពីសហរដ្ឋអាមេរិក និងប្រធានាធិបតីអ៊ុយក្រែន Volodymyr Zelenskiy ដោយសារពេលនោះវាកើតឡើងស្របនឹងការវាយប្រហារដ៏សាហាវរបស់រុស្ស៊ីលើមន្ទីរពេទ្យកុមារ ក្នុងទីក្រុងគីវ។
នៅឯសន្និសីទសារព័ត៌មានជាមួយលោក Modi ក្នុងទីក្រុងវ៉ាសូវី លោក Tusk បានប្រាប់ថា៖ «វាមិនមែនជារឿងចៃដន្យទេដែលយើងបាននិយាយអំពីការពង្រឹង នៅក្នុងលក្ខខណ្ឌនៃឧស្សាហកម្មការពារជាតិ។ យើងបានត្រៀមខ្លួនជាស្រេច ក្នុងនាមជាប្រទេសប៉ូឡូញ ដើម្បីចូលរួមក្នុងការធ្វើទំនើបកម្មគ្រឿងយុទ្ធោបករណ៍យោធា»។
គួរបញ្ជាក់បន្ថែមដែរថា ប្រទេសប៉ូឡូញ គឺជាអ្នកគាំទ្រដ៏រឹងមាំបំផុតមួយ ចំពោះអ៊ុយក្រែន ចាប់តាំងពីមានការលុកលុយរបស់រុស្ស៊ី នៅឆ្នាំ២០២២ ខណៈដែលឥណ្ឌា នៅតែប្រកាន់ជំហរអព្យាក្រឹត៕