បើតាមសម្ដីរបស់អ្នកស្រុក បានឲ្យដឹងថា ខ្មាន់កាំភ្លើង នៅក្នុងប្រទេសនីហ្សេរីយ៉ា បានសម្លាប់កសិករយ៉ាងហោចណាស់ ១០នាក់ នៅក្នុងការវាយប្រហារលើភូមិមួយ នៅភាគខាងជើងរដ្ឋនីហ្សេ (Niger State) កាលពីថ្ងៃពុធ (ទី២១ ខែសីហា)។
ក្រុមអន្ធពាលប្រដាប់អាវុធដែលគេស្គាល់នៅមូលដ្ឋានថា ជាក្រុមចោរប្លន់ប្រដាប់អាវុធ បានវាយឆ្មក់ជាញឹកញាប់លើសហគមន៍ នៅភាគពាយព្យនៃប្រទេសនីហ្សេរីយ៉ា ដោយចាប់ពង្រត់អ្នកស្រុក កសិករ សិស្ស និស្សិត និងអ្នកបើកបរម៉ូតូ ដើម្បីជំរិតទារប្រាក់។
នៅថ្ងៃព្រហស្បតិ៍ (ទី២២ ខែសីហា) នេះ អ្នកស្រុក បានប្រាប់សារព័ត៌មាន Reuters ថា ខ្មាន់កាំភ្លើងបានបាញ់ប្រហារកសិករមួយចំនួន នៅក្នុងសហគមន៍ Allawa នៃតំបន់រដ្ឋាភិបាលមូលដ្ឋាន Shiroro ក្នុងរដ្ឋនីហ្សេ កាលពីល្ងាចថ្ងៃពុធ។ អ្នកស្រុកឈ្មោះ Hassan Abubakar បាននិយាយថា៖ «កសិករត្រូវបានបោកបញ្ឆោត ហើយមនុស្ស ១០នាក់ ត្រូវបានសម្លាប់ កាលពីល្ងាចម្សិលមិញ (ថ្ងៃពុធ) នៅក្នុងកសិដ្ឋានរបស់ពួកគេរៀងៗខ្លួន»។
អ្នកស្រុកម្នាក់ទៀតឈ្មោះ Indamishe Auwal ដែលបានជួយយកសាកសពចេញ បានត្អូញត្អែរពីហេតុការណ៍នេះ និងភាពអសន្តិសុខទូទៅ នៅក្នុងតំបន់។
ពាក់ព័ន្ធនឹងហេតុការណ៍បាញ់ប្រហារនេះ អ្នកនាំពាក្យនគរបាលប្រចាំរដ្ឋនីហ្សេ លោក Wasiu Abiodun មិនបានឆ្លើយតបភ្លាមៗនោះឡើយ ចំពោះសំណើសុំការអត្ថាធិប្បាយ៕