នៅថ្ងៃព្រហស្បតិ៍នេះ ប្រធានាធិបតីរុស្ស៊ីលោក Vladimir Putin មាននូវជំនួបជាមួយក្រុមមន្រ្តីជាន់ខ្ពស់ ពាក់ព័ន្ធនឹងស្ថានភាពនៅតំបន់ព្រំដែនរុស្ស៊ីជាមួយអ៊ុយក្រែន ក្រោយទាហានទីក្រុងគីវ បើកការវាយប្រហារដ៏គួរឲ្យភ្ញាក់ផ្អើលឆ្លងដែនចូលតំបន់ Kursk កាលពីថ្ងៃទី ៦ ខែសីហាកន្លងទៅ ។
ការវាយប្រហារដូចផ្លេចបន្ទោរបស់អ៊ុយក្រែននៅតំបន់ Kursk ដែលជាការវាយប្រហារធំបំផុតចូលទឹកដីរុស្ស៊ីដោយមហាអំណាចបរទេសចាប់តាំងពីសង្រ្គាមលោកលើកទី ២ បានមើលឃើញទាហានអ៊ុយក្រែនរាប់ពាន់នាក់ រុលចូលតំបន់ព្រំដែនភាគខាងលិចប្រទេសរុស្ស៊ី ជាហេតុធ្វើឲ្យទីក្រុងម៉ូស្គូ មានការភ្ញាក់ផ្អើលយ៉ាងខ្លាំង ។
លោក Putinនិយាយពេលបើកកិច្ចប្រជុំថា ខ្ញុំជួបអ្នករាល់គ្នានៅថ្ងៃនេះ ដើម្បីពិភាក្សាស្ថានភាពដែលកំពុងកើតឡើងនាពេលឥឡូវនៅតំបន់ព្រំដែនរុស្ស៊ី ។
ឧបនាយករដ្ឋមន្រ្តីទី ១រុស្ស៊ី លោក Denis Manturov និយាយថា រុស្ស៊ី កំពុងវាយតម្លៃការខូចខាតដល់កសិកម្ម និងឧស្សាហកម្មនៅតំបន់ព្រំដែន ។
លោក Alexei Smirnov គឺជាអភិបាលតំបន់ Kursk និយាយថា ពលរដ្ឋ ១៣៣.១៩០នាក់ បានចាកចេញ ឬត្រូវបានជម្លៀសខ្លួនចេញពីតំបន់របស់លោក ។
ដោយឡែក អភិបាលក្រុង Bryansk លោក Alexander Bogomaz និយាយប្រាប់លោក Putinថា កងកម្លាំងព្រំដែន បានរុញច្រានការព្យាយាមរុលចូលរបស់ក្រុមបំផ្លិចបំផ្លាញអ៊ុយក្រែន និងក្រុមឈ្លបការរបស់ពួកគេ ពីការចូលក្នុងតំបន់ ៕