ភ្នំពេញ ៖ សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ដ្រីនៃកម្ពុជា បានថ្លែងថា ក្នុងរយៈពេលមួយឆ្នាំក្រោមការដឹកនាំរបស់រាជរដ្ឋាភិបាលនីតិកាលទី៧ នៃរដ្ឋសភា កម្ពុជាសម្រេចបានសមិទ្ធផលសំខាន់ៗ ជាច្រើនជូនប្រជាពលរដ្ឋទោះបីសភាពការណ៍អន្ដរជាតិ មានភាពស្មុគស្មាញក៏ដោយ ហើយមួយវិញទៀតក្នុងរយៈពេល១២ នេះដែររាជរដ្ឋាភិបាលបានបង្កើនកិច្ចសហប្រតិបត្តិការ ជាមួយប្រទេសជាមិត្តកាន់តែល្អប្រសើរបន្ថែមទៀត ផងដែរ។
ក្នុងសេចក្តីថ្លែងការណ៍ពិសេសមួយ ស្តីពីសមិទ្ធផល១ឆ្នាំ របស់រាជរដ្ឋាភិបាលនីតកាលទី៧ នៃរដ្ឋសភា២២ សីហា ឆ្នាំ២០២៣-២២សីហា ឆ្នាំ២០២៤នេះ សម្តេចធិបតី ហ៊ុន ម៉ាណែត បានបញ្ជាក់ថា ក្នុងរយៈពេល ១២ខែមកនេះ ទោះបីស្ថិតនៅក្នុងដំណាក់កាល ដែលសភាពការណ៍អន្ដរជាតិ មានការវិវត្តន៍ក្នុងភាពស្មុគស្មាញ និងពិបាកប៉ាន់ស្មានយ៉ាងណាក៏ដោយ ក៏កម្ពុជានៅតែកំពុងបន្ដដំណើរក្នុងគន្លងវិជ្ជមាន និងសម្រេចបាននូវសមិទ្ធផលសំខាន់ៗជាច្រើនជូនប្រជាពលរដ្ឋ។
ជាក់ស្តែងរាជរដ្ឋាភិបាល បានធ្វើការដំឡើងប្រាប់ខែ និងប្រាក់ឧបត្ថម្ភផ្សេងៗជាបន្តបន្ទាប់ដល់មន្រ្តីរាជការកងកម្លាំងប្រាប់អាវុធគ្រប់ប្រភេទទាំងអស់។ មិនតែប៉ុណ្ណោះរាជរដ្ឋាភិបាលក៏ បានបង្កើនការផ្តល់ប្រាក់ឧបត្ថម្ភដល់ស្រ្តីមានផ្ទៃពោះ និងកុមារក្នុងក្របខណ្ឌរបបសន្តិសុខសង្គមបានជាង១២ម៉ឺននាក់ ដែលមានទឹកប្រាក់ប្រមាណជាង២៥លានដុល្លារអាមេរិក និងក៏បានផ្តល់ឱកាសជួយសម្រួលដល់ស្រ្តីមានផ្ទៃពោះដែលកំពុងជាប់ពិរុទ្ធភាពផងដែរ។ ជាងនេះទៅទៀតរាជរដ្ឋាភិបាលបានដាក់ចេញនូវគោលនយោ បាយផ្តល់វគ្គបណ្តុះបណ្តាលជំនានវិជ្ជាជីវៈដល់គ្រូសារក្រីក្រ ងាយរងគ្រោះ និងងាយរងហានិភ័យ១លាន ៥សែននាក់ដោយមិនយកលុយផងដែរ ខណៈគោលនយោបាយនេះមានប្រជាពលរដ្ឋមួយចំនួនក៏បាន ទទួលផលហើយផងដែរនោះ។
ដោយឡែកពាក់ព័ន្ធនឹងស្ថានភាពនយោបាយ និងសន្ដិសុខសង្គមវិញ សម្ដេចធិបតីនាយករដ្ឋមន្រ្តី បានអះអាងថារាជរដ្ឋាភិបាល បាននិងកំពុងបន្ដរក្សាបាននូវសន្ដិភាព ស្ថិរភាពនយោបាយ សន្ដិសុខ និងសណ្ដាប់ធ្នាប់សង្គម។ ទាក់ទងនឹងការងារការទូតទំនាក់ទំនងអន្ដរជាតិ ទន្ទឹមនឹងការបន្ដការពង្រឹង ពង្រីក ទំនាក់ទំនងល្អជាមួយប្រទេសជាមិត្ត ទាំងក្នុងក្របខណ្ឌទ្វេភាគី និងពហុភាគី កម្ពុជា បានដំឡើងកម្រិតទំនាក់ទំនងជាមួយប្រទេសមួយចំនួនឲ្យកាន់តែល្អប្រសើរបន្ថែមទៀងតផងដែរ ដោយក្នុងនោះមានដូចជា ប្រទេសបារាំង ជប៉ុន ចិន ថៃ និងប្រទេសជាច្រើនទៀត៕
អត្ថបទ ៖ បាន ចក់



