ការចរចារវាងអ៊ីស្រាអែល និងក្រុមហាម៉ាស សម្រាប់បទឈប់បាញ់ នៅតែបន្តជាប់គាំង ដោយមេដឹកនាំក្រុមភេរវករ បានប្រកាន់ខ្ជាប់នូវការធានាសុវត្ថិភាពក្នុងចំណោមការទាមទារផ្សេងទៀត។

មន្ត្រីអេហ្ស៊ីបមួយរូបបានប្រាប់សារព័ត៌មានវ៉ាយណិត (Ynet) របស់អ៊ីស្រាអែលថា លោក ស៊ីនវ៉ា (Sinwar)មេដឹកនាំថ្មីរបស់ក្រុមហាម៉ាស សង្កត់ធ្ងន់ថាសុវត្ថិភាពនៃជីវិត និងសុខុមាលភាពរបស់លោកត្រូវតែធានាឲ្យបាន។

ក្រុមមន្ត្រីបានកត់សម្គាល់ថា លោក Sinwar បានផ្ញើសារខ្លីៗ និងច្បាស់ៗជៀសវាងការភាន់ច្រឡំខណៈពួកគេបានផ្ដល់លក្ខខណ្ឌជាច្រើនពាក់ព័ន្ធនឹងការពិភាក្សា។
យោងតាមរដ្ឋមន្ត្រីការបរទេសអាមេរិក លោក Antony Blinken ដែលបានបញ្ចប់ទស្សនកិច្ចនៅមជ្ឈិមបូព៌ាក្នុងសប្ដាហ៍នេះ មន្ត្រីអាមេរិក អ៊ីស្រាអែល អេហ្ស៊ីប និងកាតា បានបន្តកិច្ចចរចាបទឈប់បាញ់ក្នុងរយៈពេលប៉ុន្មានថ្ងៃថ្មីៗនេះ។ នាយករដ្ឋមន្ត្រីអ៊ីស្រាអែល លោក Benjamin Netanyahu នៅដើមសប្តាហ៍នេះ បានទទួលយកកិច្ចព្រមព្រៀងបំពេញចន្លោះប្រហោងនេះ។

ប៉ុន្តែរបាយការណ៍បានបង្ហាញថា តំណាងក្រុមហាម៉ាសបានមើលឃើញថាកិច្ចព្រមព្រៀងនេះមិនពេញចិត្តទាំងស្រុង។
មន្ត្រីអេហ្ស៊ីបមិនបញ្ចេញឈ្មោះម្នាក់បានប្រាប់ទូរទស្សន៍ APថា អាមេរិក កំពុងផ្តល់ការសន្យា មិនមែនការធានានោះទេ។ ក្រុមហាម៉ាសនឹងមិនទទួលយករឿងនេះទេ ព្រោះស្ទើរតែមានន័យថា ក្រុមហាម៉ាស នឹងដោះលែងចំណាប់ខ្មាំងជនស៊ីវិលជាថ្នូរនឹងការផ្អាកការប្រយុទ្ធរយៈពេល៦សប្តាហ៍ដោយគ្មានការធានាសម្រាប់បទឈប់បាញ់អចិន្រ្តៃយ៍ដែលបានចរចា៕