អាជ្ញាធរអគ្គិភ័យ បាននិយាយនៅថ្ងៃសុក្រនេះថា អគ្គិភ័យនៅសណ្ឋាគារមួយកន្លែងក្នុងប្រទេសកូរ៉េខាងត្បូង បណ្តាលឲ្យមនុស្សចំនួន៧នាក់ស្លាប់ និង១២នាក់ផ្សេងទៀតរងរបួស។

មន្ត្រីក្រសួងមហាផ្ទៃនិយាយថា អគ្គិភ័យ បានចាប់ផ្តើមចេញពីជាន់ទី៨នៃសណ្ឋាគារកម្ពស់៩ជាន់នៅទីក្រុង Bucheon ស្ថិតនៅភាគខាងលិចរដ្ឋធានីសេអ៊ូល នៅម៉ោងប្រហែល ៧:៤០នាទីយប់ថ្ងៃព្រហស្បតិ៍ម៉ោងក្រុងស្រុក មុនពេលត្រូវបានពន្លត់ក្នុងរយៈពេលប្រហែលពីរម៉ោង។

លោក Lee Sang-don មន្ត្រីអង្គភាពពន្លត់អគ្គិភ័យ ទីក្រុង Bucheon និយាយថា មនុស្សចំនួន៧ នាក់បានស្លាប់ ដែលភាគច្រើនជាភ្ញៀវ ហើយ១២នាក់ផ្សេងទៀត ត្រូវបានបញ្ជូនទៅកាន់មន្ទីរពេទ្យដើម្បីព្យាបាល ក្នុងនោះមនុស្ស៣នាក់ស្ថិតក្នុងស្ថានភាពធ្ងន់ធ្ងរ។
លោក Lee និយាយថា ក្នុងចំណោមអ្នកស្លាប់ មានប្ដីប្រពន្ធពីរនាក់ដែលបានលោតចេញតាមបង្អួចទៅលើពូកខ្យល់ត្រូវបានដំឡើងនៅខាងមុខអគារ។ លោក Lee និយាយក្នុងសន្និសីទតាមទូរទស្សន៍ថា «ពូកបានលាតជាធម្មតា ប៉ុន្តែហាក់ដូចជាបានក្រឡាប់នៅពេលពួកគេលោតចុះមក»។
លោកនិយាយថា អាជ្ញាធរកំពុងពិនិត្យមើលពីមូលហេតុពិតប្រាកដនៃឧបទ្ទវហេតុនេះ ដែលលោកបានបញ្ជាក់ថា ពុំមានឧបករណ៍បាញ់ទឹកត្រូវបានដាក់នៅខាងក្នុងនោះទេ នៅពេលដែលអគារនេះត្រូវបានបញ្ចប់ការសាងសង់ក្នុងឆ្នាំ២០២៣។
ក្រសួងបាននិយាយថា រដ្ឋមន្ត្រីក្រសួងមហាផ្ទៃលោក Lee Sang-min បានបញ្ជាឱ្យមានកិច្ចខិតខំប្រឹងប្រែងជួយសង្គ្រោះទាំងអស់ ដោយការប្រមូលធនធានដែលមាន ខណៈទីភ្នាក់ងារព័ត៌មាន Yonhap បាននិយាយថា រថយន្តពន្លត់អគ្គិភ័យប្រហែល៧០គ្រឿង និងក្រុមអ្នកពន្លត់អគ្គីភ័យ១៦០នាក់ ត្រូវបានបញ្ជូនទៅកន្លែងកើតហេតុ។