យោងតាមគណៈកម្មាធិការទ្វេបក្សដែលបង្កើតឡើងដោយសភាអាមេរិក ដើម្បីសិក្សាពីហានិភ័យនៃសង្រ្គាមពិភពលោកដែលជិតមកដល់បានឱ្យដឹងថា មេដឹកនាំបន្ទាប់ដែលឈ្នះការបោះឆ្នោតប្រធានាធិបតីសហរដ្ឋអាមេរិក ក្នុងខែវិច្ឆិកា ខាងមុខនេះ នឹងប្រឈមមុខនឹងស្ថានភាពយុទ្ធសាស្ត្រដ៏លំបាកបំផុត និងពិភពលោកដ៏គ្រោះថ្នាក់បំផុតចាប់តាំងពីឆ្នាំ១៩៤៥ ដែលជាឆ្នាំបញ្ចប់នៃសង្រ្គាមលោកលើកទី២មក។

គណៈកម្មការយុទ្ធសាស្ត្រការពារជាតិរបស់អាមេរិក ដែលបង្កើតឡើងដោយសភាក្នុងឆ្នាំ២០២២ បានចេញរបាយការណ៍របស់ខ្លួនកាលពីមួយខែមុន ដោយព្រមានត្រង់ៗថា ប៉ុន្មានឆ្នាំខាងមុខនេះ «អាចរួមបញ្ចូលសក្តានុពលសម្រាប់សង្រ្គាមដ៏ធំជិតមកដល់» ប្រហែលជាក្នុងពេលដំណាលគ្នាជាមួយចិន រុស្ស៊ី និងប្រទេសដទៃទៀត ហើយសហរដ្ឋអាមេរិក អាចនឹង «មិនបានត្រៀមខ្លួនរួចរាល់ទេ»។

របាយការណ៍បានបន្តថា គ្រោះថ្នាក់ទាំងនោះឥឡូវនេះកាន់តែធ្ងន់ធ្ងរជាងកំឡុងឆ្នាំដំបូងនៃសង្គ្រាមត្រជាក់ ដោយហានិភ័យជាច្រើនទៀតកំពុងតែលេចឡើងបន្តិចម្ដងៗ។ ថាតើភាគីណាមួយនៅក្នុងនយោបាយអាមេរិកចង់ចូលរួមជាមួយគ្រោះថ្នាក់ពិភពលោកទាំងនោះក្នុងឆ្នាំបោះឆ្នោតនេះ នៅតែជាសំណួរពិបាកឆ្លើយមួយទៀត។

ខណៈពេលដែលមន្ត្រីអាមេរិក ជជែកពីការរៀបចំយោធារបស់ចិនដើម្បីក្រសោបយកកោះតៃវ៉ាន់នៅឆ្នាំ២០២៧ រួមទាំងតម្រូវការគាំទ្រអ៊ុយក្រែន និងរារាំងរុស្ស៊ីពីការដណ្តើមយកទឹកដីអឺរ៉ុបបន្ថែមទៀត គូប្រជែងប្រធានាធិបតីអាមេរិកទាំងពីរគឺលោកស្រី Kamala Harris និងលោក Donald Trump បានបន្តការប្ដេជ្ញារបស់ពួកគេក្នុងទ្រង់ទ្រាយធំ និងក្លាហាន ប៉ុន្តែផ្តោតភាគច្រើនលើបញ្ហាក្នុងស្រុកប៉ុណ្ណោះ។
ជាការពិតណាស់ មិនមែនការសម្រេចចិត្តក្នុងនយោបាយអាមេរិកទាំងអស់ត្រូវតែរង់ចាំប្រធានាធិបតីបន្ទាប់ទេ។ ដោយមានបញ្ជាការយោធាជាច្រើនរបស់មន្ទីរបញ្ចកោណ និងសហរដ្ឋអាមេរិក ការរៀបចំផែនការកំពុងដំណើរការយ៉ាងល្អរួចទៅហើយសម្រាប់សមយុទ្ធយោធាដ៏ធំនៅឆ្នាំ២០២៥ ដែលជាលើកដំបូងនឹងមើលឃើញកងកម្លាំងសំខាន់ៗផ្លាស់ទីពីដីគោកអាមេរិក ដើម្បីគាំទ្រដល់សមយុទ្ធក្នុងពេលដំណាលគ្នាទាំងនៅអឺរ៉ុប និងប៉ាស៊ីហ្វិក៕