អាមេរិក៖ រដ្ឋមន្ត្រីក្រសួងការបរទេសសហរដ្ឋអាមេរិក លោក Antony Blinken បាននិយាយការពាររដ្ឋបាលលោក Joe Biden ដែលត្រូវបានគេរិះគន់យ៉ាងខ្លាំងចំពោះការដោះស្រាយការដកទ័ពអាមេរិក ចេញពីប្រទេសអាហ្វហ្គានីស្ថាននៅមុខសភាកាលពីថ្ងៃចន្ទ។

លោក Blinken ប្រឈមមុខនឹងសមាជិកសភាដែលខឹងនឹងការឆ្លើយតបរបស់រដ្ឋបាល ចំពោះការដួលរលំយ៉ាងឆាប់រហ័សនៃរដ្ឋាភិបាលអាហ្វហ្គានីស្ថាន ហើយជាងនេះទៅទៀតការឆ្លើយតបរបស់ក្រសួងការបរទេស ចំពោះអ្វីដែលអះអាងនូវលទ្ធផលនៅថ្ងៃចុងក្រោយ នៃវត្តមានយោធាអាមេរិកនៅទីនោះ។ ក្រសួងការបរទេសបានទទួលការរិះគន់យ៉ាងខ្លាំងពីគណបក្សសាធារណរដ្ឋ និងគណបក្សប្រជាធិបតេយ្យថា មិនបានធ្វើឱ្យគ្រប់គ្រាន់ និងធ្វើសកម្មភាពមិនបានលឿន ដើម្បីទទួលយកពលរដ្ឋអាមេរិកអ្នករស់នៅស្របច្បាប់ និងជនជាតិអាហ្វហ្គានីដែលមានហានីភ័យចេញពីប្រទេស បន្ទាប់ពីក្រុមតាលីបង់បានចូលកាន់កាប់ទីក្រុងកាប៊ុលកាលពីថ្ងៃទី១៥ ខែសីហា។
នៅក្នុងសុន្ទរកថានៅចំពោះមុខគណៈកម្មាធិការកិច្ចការបរទេសសភា លោក Blinken បានព្យាយាមបញ្ចៀសការចោទប្រកាន់ពីការមិនបានត្រៀមខ្លួនជាមុន ដោយនិយាយថា រដ្ឋបាលលោក Biden បានទទួលកិច្ចព្រមព្រៀងសន្តិភាពអាមេរិក-តាលីបង់ ពីប្រធានាធិបតីកាន់តំណែងមុន រួមជាមួយកម្មវិធីផ្តល់ទិដ្ឋាការដល់ជនជាតិអាហ្វហ្គានីស្ថាន ដែលបានធ្វើការឱ្យរដ្ឋាភិបាលសហរដ្ឋអាមេរិក។ លោក Blinken និយាយនៅក្នុងសុន្ទរកថាដែលរៀបចំដោយក្រសួងការបរទេសអាមេរិកថា ការវាយតម្លៃទុទ្ទិដ្ឋិនិយមបំផុតក៏មិនបានព្យាករណ៍ថា កម្លាំងរដ្ឋាភិបាលនៅទីក្រុងកាប៊ុលនឹងដួលរលំ ខណៈដែលកងកម្លាំងអាមេរិកនៅតែមាន។ លោកបាននិយាយការពារកិច្ចប្រឹងប្រែងជម្លៀស ដោយនិយាយថា វាទទួលបានជោគជ័យ ទោះបីជាមានបញ្ហាមួយចំនួនដែលមិនអាចពុះពារបានក៏ដោយ៕
អត្ថបទ៖ ប៊ុន ថន