អ៊ុយក្រែន បាននិយាយថា តំណាងប្រទេស និងអង្គការអន្តរជាតិជាង៤០ បានចូលរួមក្នុងកិច្ចពិភាក្សាមួយកាលពីថ្ងៃព្រហស្បតិ៍ (២២ សីហា) ដើម្បីធ្វើការតាមដានលើកិច្ចប្រជុំកំពូលសន្តិភាពដែលប្រទេសស្វីស ធ្វើជាម្ចាស់ផ្ទះកាលពីខែមិថុនា។ កិច្ចប្រជុំអនឡាញកាលពីថ្ងៃព្រហស្បតិ៍នេះ គឺជាការពិភាក្សាក្រុមការងារជាបន្តបន្ទាប់ ដែលផ្តើមចេញពីកិច្ចប្រជុំកំពូលនៅស្វីស។

ជាងពីរឆ្នាំក្នុងសង្រ្គាមអ៊ុយក្រែន ភាគីជម្លោះនៅតែឃ្លាតឆ្ងាយពីគ្នា ដោយទីក្រុងគីវប្រកាន់ខ្ជាប់នូវការទាមទាររបស់ខ្លួនឱ្យរុស្ស៊ីចាកចេញពីទឹកដីអ៊ុយក្រែនទាំងអស់ ហើយទីក្រុងមូស្គូ បានបន្តជំហរកាន់កាប់ទឹកដីអ៊ុយក្រែន ដែលខ្លួនដណ្តើមយកបានយ៉ាងច្រើនរួចទៅហើយនៅភាគខាងកើត និងខាងត្បូង។

ប្រធានាធិបតីអ៊ុយក្រែន លោក វ្ល៉ូឌីមី ហ្សេឡិនស្គី (Volodymyr Zelensky) បាននិយាយកាលពីខែមុនថា រុស្ស៊ីគួរតែចូលរួមក្នុងកិច្ចប្រជុំកំពូលលើកទីពីរ ក្នុងគោលបំណងធានាសន្តិភាពយូរអង្វែងជាមួយវិមានក្រឹមឡាំង ខណៈមន្ត្រីជាន់ខ្ពស់ទីក្រុងមូស្គូ បានប្រាប់អ៊ុយក្រែន កាលពីដើមខែសីហានេះថា ការពន្យារពេលកាន់តែយូរក្នុងការចូលរួមកិច្ចចរចាសន្តិភាព នឹងធ្វើឱ្យលក្ខខណ្ឌកាន់តែតឹងរ៉ឹងសម្រាប់ទីក្រុងគីវ។
កិច្ចប្រជុំកំពូលសន្តិភាពជុំទីមួយនៅស្វីស ដែលមិនមានវត្តមានរុស្ស៊ី ឃើញមានប្រទេសជាង៩០ ចូលរួម ប៉ុន្តែអ៊ុយក្រែន និងសម្ព័ន្ធមិត្តរបស់ខ្លួនបានបរាជ័យក្នុងការបញ្ចុះបញ្ចូលបណ្ដារដ្ឋមិនចូលបក្សសម្ព័ន្ធធំៗ ឱ្យចូលរួមក្នុងសេចក្តីថ្លែងការណ៍ចុងក្រោយរបស់ពួកគេ ហើយពុំទាន់មានប្រទេសណាមួយចេញមុខធ្វើជាម្ចាស់ផ្ទះកិច្ចប្រជុំវគ្គបន្តនោះទេ៕