រុស្ស៊ី និងអ៊ុយក្រែន ទាំងពីរភាគីបានរាយការណ៍ពីជ័យជម្នះថ្មីនៅសមរភូមិប្រយុទ្ធ កាលពីថ្ងៃព្រហស្បតិ៍ ដោយទីក្រុងគីវបានសាទរចំពោះការដណ្តើមយកបានភូមិមួយផ្សេងទៀតនៅលើដីរុស្ស៊ី ប៉ុន្តែប្រជាជនអ៊ុយក្រែនរាប់រយនាក់ បានភៀសខ្លួនចេញពីទីក្រុង Pokrovsk ភាគខាងកើត ខណៈដែលកងកម្លាំងរុស្ស៊ីបន្តរុលចូលទៅមុខ។

ដោយចុះពិនិត្យតំបន់ព្រំដែន ពីកន្លែងដែលកងទ័ពរបស់លោកចូលក្នុងតំបន់ Kursk ភាគខាងលិចប្រទេសរុស្ស៊ី កាលពីថ្ងៃទី៦ ខែសីហា ប្រធានាធិបតី លោក Volodymyr Zelenskyy បានប្រកាសពីការដណ្តើមបានភូមិថ្មីមួយ ដែលលោកមិនបង្ហាញឈ្មោះ និងបាននិយាយថាការវាយលុក បានជួយកាត់បន្ថយការបាញ់ផ្លោងរបស់រុស្ស៊ី នៅតំបន់ Sumy ភាគឦសាន។

អាជ្ញាធររុស្ស៊ីបាននិយាយថា នាវាចម្លងរបស់រុស្ស៊ីបានលិច បន្ទាប់ពីការវាយលុករបស់អ៊ុយក្រែនដែលបានវាយប្រហារនៅកំពង់ផែ Kavkaz ភាគខាងត្បូងប្រទេសរុស្ស៊ី ដែលផ្គត់ផ្គង់ប្រេងឥន្ធនៈដល់ឧបទ្វីបគ្រីម៉េ។
បន្ទាប់ពីត្រឡប់ទៅកាន់ទីក្រុងគីវវិញ លោក Zelenskyy បាននិយាយថា សកម្មភាពយោធាចុងក្រោយបង្អស់របស់អ៊ុយក្រែន គឺជាផ្នែកមួយនៃកិច្ចខិតខំប្រឹងប្រែងដើម្បីបញ្ចប់សង្រ្គាម លើលក្ខខណ្ឌរបស់អ៊ុយក្រែន ជំនួសឱ្យលក្ខណ្ឌរបស់រុស្ស៊ី។ លោក និយាយនៅក្នុងសុន្ទរកថាទៅកាន់អតីតយុទ្ធជនថា «នេះគឺជាផ្លូវការពារជាប្រព័ន្ធរបស់យើងទាំងអស់ ជាផ្លូវដើម្បីបញ្ចប់សង្រ្គាម នៅលើលក្ខខណ្ឌនៃអ៊ុយក្រែនឯករាជ្យ»។
លោកនិយាយថា ដើម្បីបង្ខំកងទ័ពរុស្ស៊ីចេញពីទឹកដីអ៊ុយក្រែន យោធាអ៊ុយក្រែននឹងបង្កើតបញ្ហាឱ្យបានច្រើនតាមដែលអាចធ្វើទៅបាននៅលើទឹកដីរបស់រុស្ស៊ី។ ប៉ុន្តែទោះបីជាការវាយលុកនេះគឺជាភាពអាម៉ាសមួយសម្រាប់រុស្ស៊ីក៏ដោយ កងកម្លាំងរបស់ទីក្រុងមូស្គូ បានបន្តរុលចូលទៅមុខបន្តិចម្តងក្នុងរយៈពេលប៉ុន្មានខែកន្លងទៅនេះប្រឆាំងកងទ័ពអ៊ុយក្រែនដែលអស់កម្លាំងនៅភាគខាងកើតអ៊ុយក្រែនដែលបានធ្លាក់ចុះក្នុងការប្រយុទ្ធគ្នាខ្លាំង រយៈពេលពីរឆ្នាំកន្លះកន្លងទៅនេះ។