ជនអន្តោប្រវេសន៍រាប់ពាន់នាក់ ភាគច្រើនរួមមានស្ត្រីនិងកុមារ មកពីអាមេរិកកណ្តាល និងប្រទេសវ៉េណេស៊ុយអេឡា បានបន្តដំណើររបស់ពួកគេឆ្លងកាត់រដ្ឋ Veracruz ភាគអាគ្នេយ៍ប្រទេសម៉ិកស៊ិក ជាផ្នែកមួយនៃក្បួនដំណើរទ្រង់ទ្រាយធំ។

ជនអន្តោប្រវេសន៍មានចំនួនប្រហែល ១.២០០នាក់ ដោយអ្នកខ្លះបង្ហាញពីក្តីសង្ឃឹមរបស់ពួកគេថាបានទៅដល់សហរដ្ឋអាមេរិក ដើម្បីស្វែងរកជីវិតនិងអនាគតដ៏ល្អប្រសើរ សម្រាប់កូនៗរបស់ពួកគេ។

ជនអន្តប្រវេសន៍ដែលប្រព័ន្ធផ្សព្វផ្សាយReuters បាននិយាយទៅកាន់ បានរិះគន់ខ្លាំៗដល់អាជ្ញាធរប្រទេសម៉ិកស៊ិក ដែលបានចោទប្រកាន់ថាពួកគេខ្វះការគាំទ្រផ្នែកមនុស្សធម៌ និងអះអាងថា ពួកគេត្រូវបានបដិសេធមិនផ្តល់ឲ្យកន្លែងសម្រាកសមរម្យ។
ដោយបានចាប់ផ្តើមធ្វើដំណើររបស់ពួកគេ កាលពី៤សប្តាហ៍កន្លងទៅនេះ ពីព្រំដែនប្រទេសម៉ិកស៊ិក-កាតេម៉ាឡា ក្បួនដំណើរបានឆ្លងកាត់រដ្ឋ Chiapas និងរដ្ឋ Oaxaca ហើយបច្ចុប្បន្នកំពុងធ្វើដំណើរឆ្លងកាត់រដ្ឋ Veracruz ជារដ្ឋវែងបំផុតមួយរបស់ប្រទេសម៉ិកស៊ិក។
សហរដ្ឋអាមេរិក នៅតែជាគោលដៅសំខាន់សម្រាប់ជនអន្តោប្រវេសន៍ មកពីអាមេរិកឡាទីនជាច្រើនដែលស្វែងរកទីសុវត្ថិភាព និងឱកាសការងារកាន់តែប្រសើរនៅបរទេស។ បញ្ហានៃការធ្វើអន្តោប្រវេសន៍មានសន្ទុះខ្លាំង នៅមុនការបោះឆ្នោត ខណៈអតីតប្រធានាធិបតី លោក Donald Trump បានសន្យាថានឹងមានព្រំដែនកាន់តែរឹងមាំ និងមានការនិរទេសជនអន្តោប្រវេសន៍យ៉ាងច្រើន។