លោកស្រីអនុប្រធានាធិបតី Kamala Harris បានបិទសមាជជាតិរបស់បក្សប្រជាធិបតេយ្យកាលពីយប់ថ្ងៃព្រហស្បតិ៍សប្ដាហ៍នេះ នៅពេលលោកស្រីបានទទួលយកការតែងតាំងជាបេក្ខជនប្រធានាធិបតីជាផ្លូវការជាប្រវត្តិសាស្ត្ររបស់គណបក្សលោកស្រី ហើយចាប់យកឱកាសដែលនៅសល់មួយចំនួនរបស់លោកស្រីដើម្បីទាក់ទាញទស្សនិកជនរាប់លាននាក់។

លោកស្រី Harris នឹងដាក់ចេញនូវចក្ខុវិស័យសម្រាប់ប្រទេសនេះ និងបន្តកិច្ចខិតខំប្រឹងប្រែងទប់ទល់នឹងលោក Donald Trump មកពីគណបក្សសាធារណរដ្ឋ ក្រោយលោកប្រធានាធិបតី Joe Biden បានបញ្ចប់ការប្រកួតប្រជែងបោះឆ្នោតឡើងវិញ ហើយបានគាំទ្រលោកស្រីឱ្យជំនួសរូបលោកនៅលើសន្លឹកឆ្នោតរបស់គណបក្សប្រជាធិបតេយ្យ។

មន្ត្រីយុទ្ធនាការសុំមិនបញ្ចេញឈ្មោះនិយាយថា លោកស្រី Harris មានគោលបំណងបីសម្រាប់សុន្ទរកថារបស់ខ្លួន ។ មន្ត្រីរូបនេះបាននិយាយថាលោកស្រីនឹងចែករំលែកសាវតារបស់ខ្លួនចេញពីគ្រួសារវណ្ណៈកណ្តាល ដើម្បីការពារអ្នកដទៃក្នុងឋានៈជារដ្ឋអាជ្ញា ផ្ទុយពីចក្ខុវិស័យសុទិដ្ឋិនិយមរបស់លោកស្រីជាមួយនឹងរបៀបវារៈរបស់លោកTrump និងជំរុញឱ្យមានស្មារតីស្នេហាជាតិ។
លោកស្រី Harris បាននិយាយយ៉ាងខ្លីទៅកាន់សមាជបក្សប្រជាធិបតេយ្យកាលពីថ្ងៃចន្ទដើមសប្ដាហ៍នេះ នៅពេលលោកស្រីបានថ្លែងអំណរគុណដល់លោក Biden និងបានអបអរសាទរកំណត់ត្រារបស់លោកជាប្រធានាធិបតី៕