ក្រចេះ ៖ ស្ថានភាពអាកាសធាតុ និងស្ថានភាពទឹកទន្លេមេគង្គខេត្តក្រចេះ គិតត្រឹមព្រឹកថ្ងៃទី ១៤ ខែកញ្ញា ឆ្នាំ២០២១នេះ បានហក់ឡើងដល់១៧,៣៦ម៉ែត្រ បើប្រៀបធៀបរយៈពេលដូចគ្នា ដឹងឆ្នាំ២០២០ ស្ថានភាពទឹកកើនឡើង ៥,៦១ម៉ែត្រ។ រីឯអាកាសធាតុវិញ ផ្ទៃមេឃមានពពកក្រាស និងមានភ្លៀងធ្លាក់ពីតិចទៅច្រើន នៅតាមបណ្ដា ស្រុក ក្រុងទាំង៦ទូទាំងខេត្ត។
លោក ហេង រត្ន័មុន្នីដា ប្រធានមន្ទីរធនធានទឹក និងឧតុនិយមខេត្តក្រចេះ បានឲ្យដឹង នៅព្រឹកថ្ងៃទី១៤ ខែកញ្ញា ឆ្នាំ២០២១នេះថា ស្ថានភាពទឹកទន្លេមេគង្គចាប់ផ្ដើមហក់ឡើង តែមិនទាន់ហូរចូលអាងនូវឡើយទេ ទាល់តែកំរឹតទឹកទន្លេមេគង្គមានកំពស់ចាប់ពី ១៩ម៉ែត្រឡើងទៅទើបហូរចូរអាង ចំពោះទឹកដែលបានឡើងនេះ គឺដោយសារមានភ្លៀង នៅខាងលើចំអាងមេគង្គ និងមានភ្លៀងធ្លាក់ក្នុងខេត្តយើងដែរ។
លោកបានសង្ឃឹងយ៉ាងខ្លាំងថា ការហក់ឡើងនៃទឹកទន្លេមេគង្គនៅពេលនេះ នឹងផ្ដល់ផល វិជ្ជមានដល់ការបង្ករបង្កើតផលស្រែចម្ការរបស់បងប្អូនប្រជាកសិករ ហើយទឹកទន្លេមេគង្គ នឹងបន្តទៀត។ លោក បានបញ្ជាក់ថា ស្ថានភាពជាក់ស្ដែង ខេត្តក្រចេះពុំមានរងឥទ្ធិពល ខ្យល់ព្យុះធ្ងន់ធ្ងរនោះឡើយ គ្រាន់តែបង្កមានភ្លៀងធ្លាក់បន្តិចបន្តួច នៅតាមតំបន់មួយចំនួន ដោយមិនអាចបង្កឲ្យមានទឹកជំនន់ទឹកភ្លៀងលិចខ្លាំងនោះទេ។ ម្យ៉ាងវិញទៀត គឺដោយសារ កត្តាស្ថានភាពភូមិសាស្រ្តខេត្តក្រចេះ ជាតំបន់ខ្ពង់រាប ដូច្នេះកាលណាភ្លៀងធ្លាក់ទឹកហូរ ចូលអាងលឿន។
គួរបញ្ជាក់បន្ថែមថា ដោយសារកត្តាធម្មជាតិមានភ្លៀងធ្លាក់ នៅតាមតំបន់មួយចំនួន ក្នុងខេត្តក្រចេះ មន្ទីរបានណែនាំដល់សហគមន៍ ឱ្យបិទបើកទឹកទៅតាមលក្ខណៈបច្ចេកទេស ប្រសិនបើ នៅកន្លែងណាដែលគ្មានទឹកគ្រប់គ្រាន់ សហគមន៍ត្រូវបិទទឹកទុកក្នុងអាង ដើម្បីទុកធ្វើស្រែប្រាំង៕
អត្ថបទ ៖ សេង ម័រ




