ក្នុងគោលបំណងដើម្បីជំរុញដល់ការនាំចេញ ក៏ដូចជាផ្សព្វផ្សាយអំពីសក្តានុពលរបស់វិស័យស្រូវអង្ករកម្ពុជា រដ្ឋមន្រ្តីចំនួន ៣រូប រួមមាន៖ លោកជំទាវ ចម និម្មល រដ្ឋមន្រ្តីក្រសួងពាណិជ្ជកម្ម , ឯកឧត្តម ហែម វណ្ណឌី រដ្ឋមន្រ្តីក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវតន៍ , ឯកឧត្តម ឌិត ទីណា ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងឯកឧត្តមបណ្ឌិត កៅ ថាច អគ្គនាយកធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម បានអញ្ញើញធ្វើដំណើរទស្សនកិច្ចទៅកាន់រោងម៉ាស៊ីនស្រូវចំនួនពីរដែលជាសមាជិកសហព័ន្ធស្រូវអង្ករកម្ពុជា។
លោក កាន់ គន្ធី អនុប្រធានសហព័ន្ធស្រូវអង្ករកម្ពុជា ក្រោយចប់ដំណើរទស្សនកិច្ច កាលពីរសៀលថ្ងៃទី២២ សីហា ឆ្នាំ២០២៤នេះ នៅក្រុងឧត្តុង្គម៉ែជ័យ ខេត្តកំពង់ស្ពឺ បានឲ្យបណ្តាញអ្នកសារព័ត៌មានដឹងថា នេះគឺជាប្រវត្តិសាស្រ្ត និងជាលើកទី១ ដែលថ្នាក់ដឹកនាំជាន់ខ្ពស់នៃរាជរដ្ឋាភិបាល បានបំពេញការងារបែបនេះផ្ទាល់រួមគ្នា ក្នុងគោលបំណង គឺដើម្បីពិនិត្យមើលទិដ្ឋភាពនៃសមត្ថភាព គុណភាព បច្ចេកវិទ្យា និងទំនើបកម្មរបស់រោងម៉ាស៊ីនកិនស្រូវនៅកម្ពុជា និងផ្សព្វផ្សាយអំពីសក្តានុពលរបស់វិស័យស្រូវអង្ករកម្ពុជាដោយឈរលើមូលដ្ឋាន (ដាំដុះមានគុណភាពល្អ កិនកែច្នៃប្រកបដោយសុវត្ថិភាព និងទីផ្សារដែលមាននិរន្តរភាព ព្រមទាំង ប្រាក់ចំណេញ ដោយមានការជួយជ្រោមជ្រែងពីរាជរដ្ឋាភិបាលតាមរយៈគោលនយោបាយនានា)។
លោកសង្ឃឹមថា បន្ទាប់ពីទស្សនកិច្ចនេះ រាជរដ្ឋាភិបាលនឹងឃើញការអភិវឌ្ឍ និងវឌ្ឍនៈភាពរោងចក្រកិនកែច្នៃអង្ករ អង្ករកម្ពុជានឹងឈានទៅមួយជំហានទៀត ដែលព្យាយាមធ្វើយ៉ាងម៉េចប្រម៉ូតអង្ករខ្មែរឲ្យកាន់តែល្បីទៅទីផ្សារផ្សេងៗទៀត ដូចដឹងហើយថា វិស័យស្រូវ អង្ករនេះ គឺពាក់ព័ន្ធជាមួយក្រសួង ស្ថាប័នច្រើនណាស់ក្នុងការជួយជំរុញ និងសហការគ្នាដើម្បីសម្រេចបានជោគជ័យទាំងអស់គ្នា។
លោក កាន់ គន្ធី បានបង្ហើបឲ្យដឹងទៀតថា នៅថ្ងៃទី១០ ខែកញ្ញាខាងមុខនេះ សហព័ន្ធស្រូវអង្ករកម្ពុជា នឹងរៀបចំវេទិការស្រូវអង្ករកម្ពុជា ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃកម្ពុជា ដែលនឹងឱកាសស្វែងយល់អំពីឧស្សាហកម្មអង្ករកម្ពុជា បង្កើតបណ្តាញ និងពិភាក្សាអំពីគោលនយោបាយ និងការវិនិយោគអង្ករកម្ពុជា។
គិតក្នុងរយៈពេល ៧ខែ ឆ្នាំ២០២៤នេះ ការនាំចេញអង្កររបស់កម្ពុជា ទៅកាន់ទីផ្សារគោលដៅចំនួន ៦៤ប្រទេស មានទំហំប្រមាណជាង ៣៧ម៉ឺនតោន ដោយទទួលបានទឹកប្រាក់ជាង ២៨០លានដុល្លារ៕ អត្ថបទ ឈិត បូរ៉ាវី







