ក្រោយពីបានអនុវត្តគោលនយោបាយអាទិភាពរបស់រាជរដ្ឋាភិបាលអណត្តិទី៧ លើកិច្ចការពង្រីកថែទំាសុខភាពឆ្ពោះទៅរកការគ្របដណ្តប់សុខភាពជាសកល ក្នុងរយៈពេលមួយឆ្នាំមកនេះ មូលដ្ឋានសុខាភិបាលនៅខេត្តកណ្តាល គឺបានអនុវត្តការផ្តល់សេវា និងបានសម្របសម្រួល ជូនពលរដ្ឋទូទៅ មកទទួលសេវា បានច្រើនជាងបណ្តាឆ្នាំកន្លងមក និងទទួលបានការគាំទ្រផ្តល់សេចក្តីទំនុកចិត្តខ្ពស់ពីបណ្តាពលរដ្ឋ។

លោក វេជ្ជបណ្ឌិត លី មករា ប្រធានមន្ទីរពេទ្យបង្អែកជ័យជម្នះ ខេត្តកណ្តាល បានថ្លែងប្រាប់BTVនៅថ្ងៃទី២៣ ខែសីហានេះថា នៅក្នុងដំណើរកាអនុវត្តគោលនយោបាយអាទិភាព របស់រាជរដ្ឋាភិបាល អាណត្តិទី៧ ដែលមានក្រសួងសុខាភិបាលជាសេនាធិការ ក្នុងរយៈពេល១ឆ្នាំមកនេះ មន្ទីរពេទ្យបានខិតខំអនុវត្ត និងបានធ្វើមូលដ្ឋានសុខាភិបាលបានទទួលបានការគាំទ្រ និងមានពលរដ្ឋបានចូលមកទទួលសេវាថែទាំសុខភាពមានចំនួនកើនឡើងខ្លាំងបណ្តាឆ្នាំកន្លងមក ក្នុងពលរដ្ឋ មកទទួលសេវាដោយប្រើបណ្ណ ប.ស.ស និងមូលនិធិសមធម៌ បណ្ណក្រីក្រ មានចំនួនច្រើនជាង អ្នកប្រើប្រាស់ថវិកាបង់ថ្លៃសេវាថែទាំសុខភាព។

បើតាមស្ត្រីជាម្តាយចូលសម្រាលកូនតាមមូលដ្ឋានសុខាភិបាលនោះ ក៏បានថ្លែងដែរថា បច្ចុប្បន្នពលរដ្ឋមានការពេញចិត្តចំពោះ ក្រសួងសុខាភិបាល ពិសេសប្រមុខថ្នាក់ដឹកនាំរាជរដ្ឋាភិបាល បានអនុវត្តគោលនយោបាយផ្តល់បណ្ណ ប.ស.ស បណ្ណមូលនិធិសមធម៌សម្រាប់គ្រួសារក្រីក្រ គឺបានទទួលសេវាសម្រាកព្យាបាលដោយមិនគិតថ្លៃ មានប្រាក់ឧបត្ថម្ភបន្ថែម ហើយក្រុមពេទ្យមានការផ្តល់សេវាល្អ ដូចៗគ្នា មានទំនុកចិត្តខ្ពស់។

សូមបញ្ជាក់ថា រាជរដ្ឋាភិបាលកម្ពុជាអណត្តិទី៧ ក្រោមការដឹកនាំរបស់សម្តេចធិបតី ហ៊ុន ម៉ាណែត ជានាយករដ្ឋមន្ត្រីកម្ពុជា បានដាក់ចេញអនុវត្តកម្មវិធីគោលនយោបាយជាអាទិភាពចំនួន៦ ក្នុងនោះ គោលនយោបាយអាទិភាពទី១ គឺការពង្រីកសេវាថែទំាសុខភាពឆ្ពោះទៅរកការគ្របដណ្តប់សុខភាពជាសកល ហើយកម្មវិធីនេះ គឺធ្វើឡើងស្របតាមកម្មវិធីគោលនយោបាយអង្គការសុខាភាពពិភពលោក WHO ដែលបច្ចុប្បន្នគឺបាន និងកំពុងជំរុញបណ្តាប្រទេស ផ្តល់សេវាសុខាភិបាល ពិនិត្យថែទាំសុខភាព និងព្យាបាលជំងឺជូនអ្នកជំងឺទាំងអស់គ្នា និងដូចៗគ្នា ពីរាជរដ្ឋាភិបាល បើទោះ ពលរដ្ឋនោះ ឬអ្នកជំងឺ មាន ឬមិនមានថវិកាក៏ដោយ៕ អត្ថបទ ស៊ុម សុខជា
