សមាជិកក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ បានបញ្ជាក់លើតម្រូវការសម្រាប់ការផ្អាកប្រយុទ្ធគ្នានៅតំបន់ហ្កាហ្សាស្ទ្រីប ដើម្បីទប់ស្កាត់ការរាលដាលជំងឺគ្រុនស្វិតដៃជើងនៅក្នុងតំបន់ហ៊ុមព័ទ្ធមួយនេះ។ ការអំពាវនាវទាំងនេះ ត្រូវបានបង្ហាញនៅក្នុងកិច្ចប្រជុំរបស់ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជជាតិ(UNSC) កាលពីថ្ងៃព្រហស្បតិ៍ ដើម្បីពិភាក្សាអំពីស្ថានភាពនៅតំបន់មជ្ឈិមបូព៌ា។

ក្រុមជំនួយអន្តរជាតិ Save the Children ដែលបានចូលរួមក្នុងកិច្ចប្រជុំតាមរយៈតំណភ្ជាប់វីដេអូ បាននិយាយថា សកម្មភាពវេជ្ជសាស្រ្ត មានការលំបាកនៅក្នុងតំបន់ហ្កាហ្សា ខណៈការដឹកជញ្ជូនថ្នាំពេទ្យត្រូវបានរារាំងនៅប៉ុស្តិ៍ត្រួតពិនិត្យ។ អង្គការក្រៅរដ្ឋាភិបាលមួយនេះ ក៏បាននិយាយផងដែរថា ប្រជាជនតំបន់ហ្កាហ្សា កំពុងឈានដល់កម្រិតនៃភាពអស់កម្លាំងដោយសារតែការប្រកាសជម្លៀសម្តងហើយម្តងទៀត។

ក្រុមនេះ បាននិយាយថាជំងឺគ្រុនស្វិតដៃជើង ដែលត្រូវបានបញ្ជាក់នៅក្នុងតំបន់ហ្កាហ្សាក្នុងខែនេះ ជាលើកដំបូងក្នុងរយៈពេល២៥ឆ្នាំកន្លងទៅ គឺជាការគំរាមកំហែងដល់កុមារនៅគ្រប់ទីកន្លែងដែលពួកគេរស់នៅ។
អង្គការក្រៅរដ្ឋាភិបាល បានអំពាវនាវឱ្យបញ្ឈប់ការប្រយុទ្ធគ្នាជាបន្ទាន់ និងបានបង្ហាញពីតម្រូវការចាក់វ៉ាក់សាំង ដើម្បីទប់ស្កាត់ការរាលដាលនៃការឆ្លងជំងឺ។

អង្គការសហប្រជាជាតិ កំពុងអំពាវនាវឱ្យផ្អាកប្រយុទ្ធរយៈពេល៧ថ្ងៃសម្រាប់ឱកាសចំនួនពីរដាច់ដោយឡែកពីគ្នា ដើម្បីអនុវត្តការចាក់វ៉ាក់សាំងទ្រង់ទ្រាយធំប្រឆាំងជំងឺគ្រុនស្វិតដៃជើង។
ប្រទេសមួយចំនួន រួមទាំងប្រទេសជប៉ុន បានសម្តែងការគាំទ្រនៅក្នុងកិច្ចប្រជុំ កាលពីថ្ងៃព្រហស្បតិ៍។
ជាការឆ្លើយតប ឯកអគ្គរដ្ឋទូតអ៊ីស្រាអែល ប្រចាំអង្គការសហប្រជាជាតិ បាននិយាយថា ប្រទេសរបស់លោក បានបញ្ជូនវ៉ាក់សាំងការពារជំងឺគ្រុនស្វិតដៃជើងជាងពីរលានដូសទៅកាន់តំបន់ហ្កាហ្សា ក្នុងកិច្ចសហប្រតិបត្តិការជាមួយអង្គការសុខភាពពិភពលោក និងមូលនិធិកុមាររបស់អង្គការសហប្រជាជាតិ ឬអង្គការយូនីសេហ្វ។ លោកនិយាយថា ការចាក់វ៉ាក់សាំង នឹងចាប់ផ្តើមសម្រាប់កុមារ ប៉ុន្តែពុំបាននិយាយថា តើអ៊ីស្រាអែលនឹងយល់ព្រមបញ្ឈប់ការប្រយុទ្ធគ្នានេះ ឬអត់នោះទេ។