បាល់ទាត់៖ ខ្សែការពារកណ្តាលសញ្ជាតិប្រេស៊ីល David Luiz បានបង្ហាញផ្លូវការហើយជាកីឡាកររបស់ក្លិប Flamengo នៅក្របខណ្ឌលីគកំពូល Brazil Serie A។ ក្លិបបាល់ទាត់ដែលមានរហ័សនាម Rubro-Negro មួយនេះបានប្រកាសកាលពីចុងសប្តាហ៍កន្លងទៅពីការមកដល់របស់កីឡាករវ័យ ៣៤ឆ្នាំរូបនេះ។

កិច្ចសន្យារយៈពេល ១៦ខែត្រូវបានយល់ព្រមដោយភាគីទាំងពីរដែលមានន័យថា David Luiz នឹងលេងឱ្យ Flamengo រហូតដល់ចប់រដូវកាល ២០២២។ David Luiz បាននៅទំនេរពីបាល់ទាត់ក្រោយចាកចេញពី Arsenal កាលពីខែមិថុនាក្រោយកិច្ចសន្យាអស់សុពលភាព។ នេះជាការត្រលប់ទៅទឹកដីកំណើតវិញ ក្រោយពីចាកចេញអស់រយៈពេល ១៤ឆ្នាំសំរាប់ David Luiz ដែលចាកចេញពីក្លិប Vitoria ទៅកាន់ក្លិបព័រទុយហ្កាល់ Benfica ត្រឹមកិច្ចសន្យាខ្ចី។
រយៈពេល ១៤ឆ្នាំនៅអឺរ៉ុបនោះ David Luiz បានឈ្នះជើងឯកនៅលីគកំពូលព័រទុយហ្កាល់ជាមួយ Benfica, ឈ្នះជើងឯក English Premier League ជាមួយ Chelsea, ឈ្នះជើងឯកបារាំង Ligue 1 ជាមួយ Paris Saint Germain, ឈ្នះជើងឯក FA Cup ៣លើករួមជាមួយ UEFA Champions League និង UEFA Europa League ផងដែរ៕
អត្ថបទ៖នាង សុភាវុធ