ភ្នំពេញ៖ លោក ឆាយ ហុង ព្រះរាជអាជ្ញារង និងជាអ្នកនាំពាក្យនៃអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ បានឲ្យBTV ដឹងថា នៅថ្ងៃទី២៣ ខែសីហា ឆ្នាំ២០២៤នេះ ពាក់ព័ន្ធជនសង្ស័យស្ដ្រីម្នាក់ឈ្មោះ ម៉េង លីហ័រ ដែលបានប្រើប្រាស់អាវុធបាញ់បោះសេរី និងបង្ហោះក្នុងបណ្ដាញសង្គមជាសាធារណៈ ត្រូវបានតំណាងអយ្យការបើកការស៊ើបសួរ ពីបទប្រើប្រាស់អាវុធដោយគ្មានការអនុញ្ញាត បញ្ជូនរឿងទៅចៅក្រមស៊ើបសួរ ចាត់ការបន្ត។
សូមបញ្ជាក់ផងដែរកាលពីរសៀលថ្ងៃទី២២ ខែសីហា ឆ្នាំ២០២៤ ម្សិលមិញលោកវរសេនីយ៍ឯក ឡេង ប៊ុនហួរ នាយការិយាល័យព្រហ្មទណ្ឌកម្រិតស្រាលនៃនាយកដ្ឋាននគរបាលព្រហ្មទណ្ឌក្រសួងមហាផ្ទៃ បានបញ្ជាក់ប្រាប់ ស្រ្តីម្នាក់មានគណនី facebook ឈ្មោះ Yubee Ly បានប្រើប្រាស់អាវុធ កាំភ្លើងខ្លី បាញ់បោះសេរី បង្ហោះជាសាធារណៈត្រូវបាននគរបាលបញ្ជូនទៅអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ ដើម្បីបន្តចាត់ការតាមនីតិវិធីច្បាប់។
គួរំលឹកផងដែរកាលពីយប់ថ្ងៃទី២០ ខែសីហា ឆ្នាំ២០២៤ ក្រោយមានការបង្ហោះក្នុងបណ្ដេញសង្គម និងបានចែករំលែកតៗគ្នា ពាក់ព័ន្ធករណី ស្រ្តីម្នាក់មានគណនី facebook ឈ្មោះ Yubee Ly បានប្រើប្រាស់អាវុធ កាំភ្លើងខ្លី បាញ់បោះសេរី និងភ្ជាប់ខ្លឹមសារ «អូនកាចចឹងធ្វើប្រពន្ធបងបាននៅ» ត្រូវបាននគរបាលព្រហ្មទណ្ឌកម្រិតស្រាល នៃនាយកដ្ឋានព្រហ្មទណ្ឌក្រសួងមហាផ្ទៃ ស្រាវជ្រាវឃាត់ខ្លួនភ្លាមៗតែម្ដង នាយប់ថ្ងៃទី២០ ខែសីហា ឆ្នាំ២០២៤នេះ។
សូមបញ្ជាក់ផងដែរ ស្ដ្រីដែលត្រូវបានឃាត់ខ្លួនឈ្មោះ ម៉េង លីហ័រ អាយុ២៤ឆ្នាំ ក្រោយឃាត់ខ្លួនស្រ្តីនោះបានសារភាពថា វីដេអូបាញ់ឡើងលើមួយគ្រាប់នេះ តាំងពីឆ្នាំ២០២២ មកម្ល៉េះ ប៉ុន្ដែគេទើបយកមកបង្ហោះឡើងវិញ នៅក្នុងគណនីក្លែងក្លាយដែលប្រើប្រាស់ឈ្មោះ Yubee Ly៕ អត្ថបទ៖ កុម្ភះ


