ប្រធានាធិបតីម៉ិកស៊ិក លោក Andres Manuel Lopez Obrador កាលពីថ្ងៃព្រហស្បតិ៍ បានច្រានចោលការរិះគន់ដោយក្រុមហ៊ុនហិរញ្ញវត្ថុសកលមួយចំនួន អំពីកំណែទម្រង់ប្រព័ន្ធតុលាការដែលបានស្នើឡើងរបស់រដ្ឋបាលលោក ដោយបាននិយាយថា ការព្រមានរបស់ពួកគេអំពីហានិភ័យដែលជិតមកដល់ ចំពោះសេដ្ឋកិច្ចគឺជា «ពាក្យកុហកសុទ្ធសាធ»។

នៅក្នុងសន្និសីទសារព័ត៌មានប្រចាំថ្ងៃ លោក Lopez Obrador បាននិយាយថា ក្រុមហ៊ុនជាច្រើន បានចូលរួមនៅក្នុង «ការធ្វើនយោបាយ» នៅពេលពួកគេបានសន្មតពីការធ្លាក់ចុះថ្មីៗនេះនៃប្រាក់ប៉េសូរបស់ប្រទេសម៉ិកស៊ិក ចំពោះវិសោធនកម្មរដ្ឋធម្មនុញ្ញដែលបានស្នើឡើង ខណៈសភានឹងត្រូវកំណត់ពេលជជែកដេញដោលគ្នាក្នុងពេលឆាប់ៗនេះ។

លោកប្រធានាធិបតី បាននិយាយថា ហេតុផលនៅពីក្រោយការធ្លាក់ថ្លៃប្រាក់ប៉េសូ ពុំមែនជារឿងផ្ទៃក្នុងនោះទេ ប៉ុន្តែជា «ការប្រែប្រួលជាសកល» ជាពិសេសដោយសារតែសេដ្ឋកិច្ច និងហិរញ្ញវត្ថុ របស់សហរដ្ឋអាមេរិក។
ក្នុងរយៈពេលប៉ុន្មានថ្ងៃថ្មីៗនេះ ធនាគារវិនិយោគសកល និងទីភ្នាក់ងារវាយតម្លៃជាច្រើន បានព្រមានអំពីហានិភ័យដែលអាចកើតមានពីកំណែទម្រង់ប្រព័ន្ធតុលាការ ស្ថិតក្នុងចំណោមរឿងផ្សេងៗទៀតដែលស្នើឱ្យរដ្ឋមន្ត្រីរបស់តុលាការកំពូល ត្រូវបានបោះឆ្នោតឱ្យចូលកាន់តំណែង។
យោងតាមអ្នកជំនាញ បានឱ្យដឹងថា ប្រាក់ប៉េសូរបស់ប្រទេសម៉ិកស៊ិក បានឈានដល់ដំណាក់កាលនៃអស្ថិរភាពទល់នឹងប្រាក់ដុល្លារអាមេរិក បន្ទាប់ពីការបោះឆ្នោតប្រធានាធិបតីរបស់ប្រទេស កាលពីថ្ងៃទី ២ ខែមិថុនា។