សភាឥណ្ឌូនេស៊ីបានផ្អាកផែនការកែប្រែច្បាប់បោះឆ្នោតកាលពីថ្ងៃព្រហស្បតិ៍សប្ដាហ៍នេះ បន្ទាប់ពីក្រុមបាតុករក្នុងរដ្ឋធានីបានដុតបំពួកភ្លើង និងប្រឈមការប្រើឧស្ម័នបង្ហូរទឹកភ្នែក និងកាណុងបាញ់ទឹកជុំវិញច្បាប់ដែលពួកគេនិយាយថានឹងធ្វើឱ្យគូប្រជែងរបស់ប្រធានាធិបតីដែលផុតអាណត្តិនិងអ្នកស្នងតំណែងរបស់លោក ចុះខ្សោយ។
មនុស្សរាប់ពាន់នាក់បានតវ៉ាតាមដងផ្លូវនានាក្នុងទីក្រុងជាច្រើននៅទូទាំងប្រទេសឥណ្ឌូនេស៊ី ដើម្បីតវ៉ាប្រឆាំងនឹងការប៉ុនប៉ងកែប្រែច្បាប់បោះឆ្នោតរបស់ប្រទេសនេះ។
សភាឥណ្ឌូនេស៊ីបានពន្យារពេលការផ្តល់សច្ចាប័នលើការកែប្រែច្បាប់បោះឆ្នោតកាលពីថ្ងៃព្រហស្បតិ៍សប្ដាហ៍នេះ ខណៈក្រុមអ្នកតវ៉ា បានព្យាយាមវាយទម្លាយទ្វារសភាក្នុងរដ្ឋធានីហ្សាការតា (Jakarta) បន្ទាប់ពីមានការរិះគន់លើច្បាប់ដែលត្រូវបានគេមើលឃើញថានឹងពង្រឹងឥទ្ធិពលនយោបាយរបស់លោកប្រធានាធិបតី Joko Widodo ដែលផុតអាណត្តិ។
សមាជិកសភា លោក ហាប៊ីប៊ូរ៉ូក្មាន់ (Habiburokhman) បានប្រាប់អ្នកយកព័ត៌មាននៅខាងក្រៅអគារសភាថា សម័យប្រជុំពេញអង្គដើម្បីអនុម័តការកែប្រែត្រូវបានពន្យារពេលដោយសារចំនួនតំណាងរាស្ត្រមិនទាន់ជុំគ្នា។
គេមិនច្បាស់ទេថាតើសភានឹងកោះប្រជុំឡើងវិញដើម្បីអនុម័តច្បាប់មុនការចុះឈ្មោះសម្រាប់ការបោះឆ្នោតថ្នាក់តំបន់ ដែលនឹងបើកនៅថ្ងៃអង្គារសប្តាហ៍ក្រោយឬយ៉ាងណានោះទេ។
សភាគ្រោងនឹងផ្តល់សច្ចាប័នលើការកែប្រែ ដែលនឹងផ្លាស់ប្តូរសេចក្តីសម្រេចរបស់តុលាការធម្មនុញ្ញនៅដើមសប្តាហ៍នេះ។ ការកែប្រែច្បាប់បោះឆ្នោតទាំងនោះ នឹងរារាំងក្រុមអ្នករិះគន់រដ្ឋាភិបាលដែលបញ្ចេញសំឡេងក្នុងការប្រជែងដណ្តើមតំណែងអភិបាលក្រុងហ្សាកាតាដ៏មានឥទ្ធិពល ហើយក៏បានត្រួសត្រាយផ្លូវសម្រាប់កូនប្រុសពៅរបស់លោក Widodo ដើម្បីឈរឈ្មោះបោះឆ្នោតនៅកោះ ជ្វា ក្នុងខែវិច្ឆិកាដែរ៕
