វេណេហ្ស៊ុយអេឡា៖ មិនដូចប្រទេសដទៃទៀតនៅអាមេរិកខាងត្បូងនោះទេ ដែលករណីឆ្លងវីរុសកូរ៉ូណាមានការថយចុះ ប៉ុន្តែនៅប្រទេសវេណេហ្ស៊ុយអេឡាករណីឆ្លងវីរុសបានកើនឡើង ក្នុងរយៈពេលប៉ុន្មានខែចុងក្រោយនេះ ហើយគ្រូពេទ្យបានព្រមានថា ករណីឆ្លងអាចនឹងកាន់តែធ្ងន់ធ្ងរទៅៗ។

វេជ្ជបណ្ឌិតលោក Leonardo Acosta មានសេវាកម្មវេជ្ជសាស្ត្រឯកជនដែលព្យាបាល និងផ្តល់ការថែទាំកម្រិតមន្ទីរពេទ្យដល់អ្នកជំងឺកូវីដ-១៩ នៅតាមផ្ទះរបស់អ្នកជំងឺ។ ខណៈដែលការទទួលបានសេវាសុខភាពសាធារណៈមានភាពស្មុគស្មាញ ហើយនៅគ្លីនិកឯកជនអ្នកជំងឺគ្មានលទ្ធភាពក្នុងការចំណាយ មនុស្សជាច្រើនបានជ្រើសរើសយកការព្យាបាលនៅផ្ទះ របស់ពួកគេក្នុងតម្លៃថោក។ ប្រទេសវេណេហ្ស៊ុយអេឡាដែលមិនត្រូវបានរងផលប៉ះពាល់ខ្លាំង ដូចប្រទេសដទៃទៀតដោយវីរុស COVID-19 ចំនួនករណីឆ្លងកើនឡើងបានធ្វើឱ្យមានការភ្ញាក់ផ្អើល។ អ្នកស្រី Tricelis Clemente អាយុ ៦១ឆ្នាំជាប្រជាជននៅទីក្រុងការ៉ាកាសបាននិយាយថា នាងមិនដែលគិតថា នាងស្ថិតក្នុងស្ថានភាពបែបនេះឡើយ ដែលនាងត្រូវការអុកស៊ីហ្សែនដើម្បីដកដង្ហើម។ អ្នកស្រីជាអត្តពលិកដែលបរិភោគអាហារបានល្អ ដែលតែងតែមើលថែសុខភាពរបស់នាង ប៉ុន្តែបានទទួលរងដោយវីរុស។
អង្គការសុខភាពពិភពលោកប្រចាំទ្វិបអាមេរិកបាននិយាយថា ពិតជាមានការថយចុះករណីឆ្លង និងស្លាប់នៅបណ្តាប្រទេសជាច្រើន ក្នុងប៉ុន្មានសប្តាហ៍កន្លងទៅនេះនៅប្រទេសអាមេរិកខាងត្បូង ហើយនិន្នាការនេះនៅតែបន្តលើកលែងតែនៅប្រទេសវេណេហ្ស៊ុយអេឡា។ វេជ្ជបណ្ឌិតលោក Leonardo Acosta និយាយថា វាជារឿងវិលជុំ ខណៈដែលវិធានការត្រូវបានបន្ធូរបន្ថយនៅថ្ងៃវិស្សមកាល ដែលមានមនុស្សប្រមូលផ្តុំគ្នាជាក្រុមធ្វើឲ្យមានករណីឆ្លងកើនឡើង។ ប្រទេសវេណេហ្ស៊ុយអេឡាមានករណីឆ្លងវីរុស COVID-19 សរុប ៣៤៧,៦៤៧ករណី និងមានអ្នកស្លាប់ ៤,២០៣នាក់៕
អត្ថបទ៖ ប៊ុន ថន