អង្គការមនុស្សធម៌របស់អង្គការសហប្រជាជាតិ បាននិយាយកាលពីថ្ងៃព្រហស្បតិ៍ថា កង្វះការផ្តល់មូលនិធិនៃផែនការជំនួយរបស់អង្គការសហប្រជាជាតិចំនួន៦៧៤លានដុល្លារអាមេរិក ដល់ប្រទេសហៃទី មានន័យថាមនុស្សរាប់លាននាក់ កំពុងបាត់ខ្លួនជំនួយសំខាន់ៗ។
ការិយាល័យសម្របសម្រួលកិច្ចការមនុស្សធម៌អង្គការសហប្រជាជាតិ(OCHA) បាននិយាយថា ការបង្កើនថវិកា និងនិរន្តរភាព គឺត្រូវការជាចាំបាច់ ដើម្បីទប់ទល់វិបត្តិមនុស្សធម៌ ដែលកាន់តែធ្លាក់ជ្រៅនៅក្នុងប្រទេសតំបន់សមុទ្រការ៉ាអ៊ីបមួយនេះ។
អង្គការ OCHA បាននិយាយថា ការភៀសខ្លួនបានកើនឡើងជិតបីដងក្នុងរយៈពេល១២ខែចុងក្រោយនេះ ដោយមនុស្សជាង៥៧៨.០០០នាក់ បានភៀសខ្លួនចេញពីលំនៅឋានរបស់ពួកគេដើម្បីស្វែងរកទីសុវត្ថិភាព។ ពាក់កណ្តាលនៃអ្នកភៀសខ្លួនថ្មី បានរត់គេចពីរដ្ឋធានី ព័រអូប្រាំង ទៅកាន់ភាគខាងត្បូងប្រទេសហៃទី។
ក្រុមមនុស្សធម៌បាននិយាយថា មនុស្ស៥លាននាក់ ជាចំនួនពាក់កណ្តាលនៃចំនួនប្រជាជនហៃទី គឺពុំទទួលបានអាហារគ្រប់គ្រាន់នោះទេ។ មនុស្សជាច្រើនខ្វះលទ្ធភាពទទួលបានសេវាថែទាំសុខភាពដែលពួកគេត្រូវការ ដោយមានតែមន្ទីរពេទ្យតែមួយក្នុងចំណោមមន្ទីរពេទ្យចំនួនបួនកន្លែងនៅក្នុងប្រទេសនេះនៅដំណើរការ។ ការិយាល័យ បាននិយាយថា ការអប់រំរបស់កុមារជិត១,៥លាននាក់ ត្រូវបានរំខានក្នុងឆ្នាំសិក្សាកន្លងទៅ ខណៈកុមារក្រៅសាលារាប់សែននាក់ ប្រឈមមុខទៅនឹងហានិភ័យនៃការដែលត្រូវបានជ្រើសរើសដោយក្រុមប្រដាប់អាវុធ។
អង្គការOCHA និយាយថា «ដោយគ្មានមូលនិធិបន្ថែម វិបត្តិមនុស្សធម៌នៅហៃទីនឹងកាន់តែធ្លាក់ចុះធ្ងន់ធ្ងរ។
រយៈពេលប្រាំបីខែក្នុងឆ្នាំនេះ ការអំពាវនាវមនុស្សធម៌ឆ្នាំ២០២៤ ដែលត្រូវការប្រាក់ចំនួន៦៧៤ លានដុល្លារអាមេរិក គឺប្រមូលបានតែជាងមួយភាគបី ដែលទទួលបានមូលនិធិ២២៧លានដុល្លារ។ នេះគឺជាកម្រិតទាបនៃមូលនិធិដែលយើងបានឃើញសម្រាប់ការឆ្លើយតបផ្នែកមនុស្សធម៌នៅប្រទេសហៃទី ក្នុងរយៈពេលប្រាំឆ្នាំកន្លងទៅនេះ។