ថ្នាក់ដឹកនាំនៃក្រុមតាលីបង់ ប្រទេសអាហ្វហ្គានីស្ថាន កំពុងបង្រ្កាបលើសូរសំឡេងរបស់ស្ត្រីនៅទីសាធារណៈ ក្នុងសំណុំច្បាប់អំពើអបាយមុខ និងគុណធម៌ថ្មីដ៏តឹងរ៉ឹងក្រោមរបបឥស្លាមនិយម។

អ្នកនាំពាក្យរដ្ឋាភិបាលបាននិយាយថា ច្បាប់ទាំងនេះត្រូវបានចេញផ្សាយកាលពីថ្ងៃពុធ (២១ សីហា) បន្ទាប់ពីត្រូវបានអនុម័តដោយមេដឹកនាំកំពូល លោក ហ៊ីបាទូឡា អាឃុនហ្សាដា (Hibatullah Akhundzada) និងគ្របដណ្តប់លើទិដ្ឋភាពនៃជីវិតប្រចាំថ្ងៃផ្សេងៗទៀតដូចជាការដឹកជញ្ជូនសាធារណៈ តន្ត្រី ការកោរសក់ និងការប្រារព្ធពិធីជាដើម។

ក្នុងចំណោមច្បាប់ថ្មីទាំងនោះ មាត្រាទី១៣ទាក់ទងនឹងស្ត្រីចែងថា ស្ត្រីត្រូវតែបិទបាំងមុខគ្រប់ពេលនៅទីសាធារណៈ ហើយការបិទបាំងមុខគឺចាំបាច់ដើម្បីជៀសវាងការល្បួងសម្រាប់ខ្លួនឯង និងអ្នកដទៃ ចំណែកសម្លៀកបំពាក់មិនត្រូវស្តើង តឹង ឬខ្លីនោះទេ។

ស្ត្រីក៏ត្រូវបិទបាំងរាងកាយខ្លួនឯងទាំងមូលនៅចំពោះមុខបុរស និងស្ត្រីដែលមិនកាន់សាសនាឥស្លាម ដើម្បីចៀសវាងការប្រព្រឹត្តអបាយមុខ។ សំឡេងស្ត្រីត្រូវបានគេចាត់ទុកថាមានភាពស្និទ្ធស្នាល ដូច្នេះហើយមិនគួរច្រៀង សូត្រ ឬអានឮៗឱ្យអ្នកដទៃឮនៅទីសាធារណៈឡើយ ហើយស្ត្រីត្រូវបានហាមឃាត់មិនឱ្យមើលបុរសដែលមិនមានទំនាក់ទំនងសាច់ឈាម ឬអាពាហ៍ពិពាហ៍។
ឯកសារ ១១៤ទំព័រ និង ៣៥ច្បាប់ ដែលមើលឃើញដោយសារព័ត៌មាន AP បង្កើតបានជាសេចក្តីប្រកាសជាផ្លូវការដំបូងនៃច្បាប់ដ៏តឹងរ៉ឹងនៅក្នុងអាហ្វហ្គានីស្ថាន ចាប់តាំងពីពួកតាលីបង់បានដណ្តើមអំណាចឆ្នាំ២០២១ នៅពេលក្រុមនេះក៏បានបង្កើត «ក្រសួងសម្រាប់ការលើកកម្ពស់គុណធម៌ និងទប់ស្កាត់អំពើអបាយមុខ» ដែលដាក់ការហាមប្រាមមិនសមហេតុផលជាច្រើនលើស្រ្តី៕