យោងតាមសារព័ត៌មានក្នុងស្រុក បានឲ្យដឹងថា ផ្សែងបង្កឡើងពីភ្លើងឆេះព្រៃ បានគ្របដណ្តប់លើទីក្រុង La Paz រដ្ឋធានីប្រទេសបូលីវី កាលពីថ្ងៃព្រហស្បតិ៍ និងធ្វើឲ្យមានការប្រកាសអាសន្នសម្រាប់កម្រិតគុណភាពខ្យល់ប្រកបដោយគ្រោះថ្នាក់ ។
គុណភាពខ្យល់ ឈានដល់កម្រិត ១៣៦ ដែលត្រូវបានគេចាត់ទុកថាជាកម្រិតបង្កផលប៉ះពាល់ដល់សុខភាពមនុស្ស ស្របពេលដែលផ្សែងពណ៌ប្រផេះយ៉ាងក្រាស់ បានហោះឡើងលើអាកាសដល់រយៈកម្ពស់ ៣.៦០០ម៉ែត្រពីលើនីវ៉ូទឹកសមុទ្រនៅពីលើទីក្រុង Andean ។
រដ្ឋាភិបាលក្នុងតំបន់ Santa Cruz បានជូនដំណឹងថា ភ្លើងឆេះព្រៃ បានឆាបឆេះច្រើនកន្លែងនៅតំបន់ដីសម្បូរជីជាតិ Santa Cruz ក្នុងនោះភ្លើងឆេះព្រៃ ៣៥កន្លែង នៅមិនទាន់អាចពន្លត់បាននៅឡើយទេ និងបានឆាបឆេះលើផ្ទៃដីជាង ១.៩៧៥.០០០ហិចតា ។ ចំណែកឯទូទាំងប្រទេសបូលីវី ភ្លើងឆេះព្រៃ បានឆាបឆេះដីព្រៃជាង ២លានហិចតា ។
ក្រុមមន្រ្តីក្នុងស្រុក ត្រូវបានដាក់ពង្រាយ ដើម្បីសង្រ្គោះសត្វព្រៃ ដែលគេប្រទះឃើញគ្រោះថ្នាក់ និងសត្វវង្វែងក្នុងព្រៃ និងដីទំនេ ដែលគំរាមកំហែងដោយសារភ្លើងឆេះព្រៃ ។
សារព័ត៌មានក្នុងស្រុក រាយការណ៍ថា ភ្លើងឆេះព្រៃទាំងនេះ ផ្តើមចេញពីការកាប់ឆ្កាដីព្រៃ ដើម្បីធ្វើកសិកម្ម ៕