ទីភ្នាក់ងារសារព័ត៌មាន RIA បានដកស្រង់សម្តីឯកអគ្គរដ្ឋទូតរុស្ស៊ី ប្រចាំនៅសហរដ្ឋអាមេរិក លោក អាណាតូលី អាន់តូនូវ (Anatoly Antonov) បាននិយាយនៅថ្ងៃសុក្រ (២៣ សីហា) នេះថា ប្រទេសរុស្ស៊ី ជឿជាក់ថា សហរដ្ឋអាមេរិកនឹងលុបចោលរាល់ការរឹតបន្តឹងលើការប្រើប្រាស់អាវុធរបស់ខ្លួនដែលផ្គត់ផ្គង់ដល់អ៊ុយក្រែន។

លោក Antonov បាននិយាយថា «រដ្ឋបាលអាមេរិក បច្ចុប្បន្នមានឥរិយាបទដូចជាមនុស្សនិយាយផ្សេងធ្វើផ្សឹង» ដោយហៅការអត្ថាធិប្បាយថ្មីៗរបស់ទីក្រុងវ៉ាស៊ីនតោន ដែលបញ្ជាក់ថាទីក្រុងគីវមិនត្រូវបានអនុញ្ញាតឱ្យប្រើប្រាស់អាវុធរបស់អាមេរិកទៅវាយប្រហារចូលជ្រៅក្នុងទឹកដីរុស្ស៊ី ថាជា «រឿងបោកប្រាស់»។

លោកបានបន្ថែមថា អាមេរិកកំពុងត្រៀមធ្វើការសម្រេចចិត្តមួយដើម្បីដកចេញនូវការរឹតបន្តឹងដែលមានស្រាប់ទាំងអស់នៅចំណុចជាក់លាក់មួយដោយមិនចាំបាច់គិតច្រើន។ សហរដ្ឋអាមេរិក បានផ្តល់ជំនួយយោធាជាង ៥០ពាន់លានដុល្លារដល់អ៊ុយក្រែន ចាប់តាំងពីឆ្នាំ២០២២មក ប៉ុន្តែបានកំណត់ការប្រើប្រាស់អាវុធរបស់ខ្លួនចំពោះតែទឹកដីអ៊ុយក្រែន និងប្រឆាំងការបាញ់ប្រហារ រួមទាំងប្រតិបត្តិការការពារឆ្លងព្រំដែនប៉ុណ្ណោះ។

លោក Antonov បាននិយាយថា កិច្ចសន្ទនាដ៏ម៉ឹងម៉ាត់រវាងរុស្ស៊ីជាមួយសហរដ្ឋអាមេរិក នឹងអាចធ្វើទៅបានលុះត្រាតែទីក្រុងវ៉ាស៊ីនតោន បញ្ចប់គោលនយោបាយ «អរិភាព» របស់ខ្លួនចំពោះទីក្រុងមូស្គូ ដែលរួមមានការគាំទ្រដល់អ៊ុយក្រែន និងការអនុវត្តទណ្ឌកម្មប្រឆាំងនឹងរុស្ស៊ីជាដើម៕