ខ្មាន់កាំភ្លើងប្រដាប់ដោយកាំភ្លើងដាក់គងលើស្មាបាញ់គ្រាប់រ៉ុក្កែត បានវាយប្រហារក្បួនរថយន្តនគរបាល នៅក្នុងខេត្តពុនចាប( Punjab) ភាគខាងកើតកាលពីថ្ងៃព្រហស្បតិ៍ ដោយបានបណ្តាលឲ្យមន្ត្រីយ៉ាងហោចណាស់ ១១នាក់ ស្លាប់ និង ៧នាក់ផ្សេងទៀត រងរបួស។

គ្មាននរណាម្នាក់ចេញមុខអះអាងទទួលខុសត្រូវភ្លាមៗចំពោះការវាយប្រហារនៅស្រុក Rahim Yar Khan ឡើយ។ មន្ត្រីទាំងនោះ ត្រូវបានស្ទាក់វាយប្រហារ នៅពេលដើរល្បាតនៅក្នុងតំបន់មួយដែលគ្មានមនុស្សរស់នៅ ដើម្បីស្វែងរកក្រុមចោរ ដែលធ្វើសកម្មភាពក្នុងតំបន់នេះ។

នគរបាលខេត្តពុនចាប បាននិយាយថា ខ្មាន់កាំភ្លើងទាំងនោះ ទំនងជាចោរប្លន់ មិនមែនក្រុមសកម្មប្រយុទ្ធទេ។ ជនរងគ្រោះ ត្រូវបានបញ្ជូនទៅសង្គ្រោះនៅមន្ទីរពេទ្យក្បែរនោះ ។
លោកនាយករដ្ឋមន្ត្រី សៀបា ហ្សារីហ្វ (Shehbaz Sharif) បានថ្កោលទោសចំពោះការវាយប្រហារនេះ ហើយបានបញ្ជាឲ្យ «ចាត់វិធានការជាបន្ទាន់ និងប្រកបដោយប្រសិទ្ធភាព» ប្រឆាំងនឹងក្រុមចោរ។ លោកស្រី ម៉ារៀម ណាវ៉ាស (Maryam Nawaz) រដ្ឋមន្រ្ដីប្រចាំខេត្តពុនចាប បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា ការវាយប្រហារនេះ«នឹងចៀសមិនផុតពីការសងសឹកឡើយ»។