សារព័ត៌មាន គ្លូបបល ថែមស៍ (Global Times) ដែលគាំទ្រដោយរដ្ឋរបស់ចិន បានរាយការណ៍ដោយដកស្រង់សម្ដីអ្នកជំនាញថា ហ្វីលីពីន អាច «បង្កបញ្ហា» នៅឯកោះរបស់ចិន មួយទៀតក្នុងសមុទ្រចិនខាងត្បូង បន្ទាប់ពីអ្វីដែលខ្លួននិយាយថា គឺជា «ការឈ្លានពាន» របស់ទីក្រុងម៉ានីល ចូលទៅក្នុងដែនទឹកនៅឯថ្មប៉ប្រះទឹកចំនួនពីរផ្សេងទៀតនៅក្នុងតំបន់នេះ។

សារព័ត៌មានជាតិមួយនេះរាយការណ៍ថា ហ្វីលីពីនកំពុងពង្រីកហេដ្ឋារចនាសម្ព័ន្ធយោធានៅលើកោះ ធីទូ (Thitu) ដែលទីក្រុងប៉េកាំងហៅថា ចុងអ៊ីតាវ (Zhongye Dao) ហើយអាចនឹងអញ្ជើញនាវាចម្បាំង និងយន្តហោះចម្បាំងពីប្រទេសក្រៅតំបន់ដូចជាសហរដ្ឋអាមេរិក និងជប៉ុន ដែលបំផ្លាញសន្តិភាព និងស្ថិរភាពនៅសមុទ្រចិនខាងត្បូង។

ចុងអ៊ីតាវ គឺជាផ្នែកមួយនៃប្រជុំកោះ ណានសា ឈីនតាវ (Nansha Qundao) ដែលត្រូវបានគេស្គាល់ថាប្រជុំកោះ ស្រ្ពាតលី (Spratly) ប៉ុន្តែ «កាន់កាប់ដោយខុសច្បាប់» ដោយហ្វីលីពីន នេះបើយោងតាម Global Times បានរាយការណ៍កាលពីយប់ថ្ងៃព្រហស្បតិ៍ (២២ សីហា)។ ក្រុមប្រឹក្សាសន្តិសុខជាតិហ្វីលីពីន និងក្រសួងការពារជាតិមិនបានឆ្លើយតបភ្លាមៗចំពោះសំណើសុំការអត្ថាធិប្បាយទេ។

ហ្វីលីពីន កាន់កាប់ជិត ១០ទីតាំងនៅសមុទ្រចិនខាងត្បូង រួមទាំងកោះ ធីទូ នេះផងដែរ។ ចិនទាមទារអធិបតេយ្យភាពលើសមុទ្រចិនខាងត្បូងស្ទើរតែទាំងមូល ដោយបានដាក់ពង្រាយនាវាឆ្មាំល្បាតឆ្នេរដើម្បីការពារអ្វីដែលខ្លួនចាត់ទុកថាជាទឹកដីរបស់ខ្លួន ខណៈការប៉ះទង្គិចរវាងនាវាចិន និងហ្វីលីពីន នៅដែនទឹកជម្លោះកាន់តែតានតឹង៕