បន្ទាប់ពីក្រុមហ៊ុនផ្លូវដែកធំជាងគេចំនួន២ របស់ប្រទេសកាណាដា បានរារាំងកម្មករសហជីពជាង ៩.០០០នាក់មិនឲ្យចូលកន្លែងការងារ កាលពីថ្ងៃព្រហស្បតិ៍ (ទី២២ ខែសីហា) បណ្ដាថៅកែអាជីវកម្មនានា បានអំពាវនាវឲ្យរដ្ឋាភិបាលដាក់ចេញនូវការសម្រេចអាជ្ញាកណ្តាលដែលតម្រូវឲ្យប្រតិបត្តិតាម ឬបង្កើតដំណោះស្រាយមួយផ្សេងទៀត ដើម្បីឲ្យសេវាកម្មរថភ្លើងចាប់ផ្ដើមដំណើរការឡើងវិញ។
គួរបញ្ជាក់ថា ក្រុមហ៊ុនចំនួន២ គឺក្រុមហ៊ុនអយស្ម័យយាន Canadian National Railway និង Canadian Pacific Kansas City ជាមួយនឹងសហជីព Teamsters បានទម្លាក់កំហុសឲ្យគ្នាទៅវិញទៅមក ចំពោះការបញ្ឈប់ការងារ បន្ទាប់ពីកិច្ចចរចាជាច្រើនដង មិនបានលេចចេញជាកិច្ចព្រមព្រៀងណាមួយឡើយ។
លោក Dan Kelly ប្រធាន និងជានាយកប្រតិបត្តិនៃសហព័ន្ធអាជីវកម្មឯករាជ្យកាណាដា បានសម្តែងការព្រួយបារម្ភយ៉ាងខ្លាំងពីផលប៉ះពាល់បន្តបន្ទាប់នៃការបញ្ឈប់នេះ ហើយបានព្រមានអំពីពេលវេលានៃការងើបឡើងវិញដែលអូសបន្លាយ ទោះជាបន្ទាប់ពីបញ្ហាត្រូវបានបញ្ចប់ក៏ដោយ។
កាលពីថ្ងៃព្រហស្បតិ៍នោះ រដ្ឋាភិបាលកាណាដា បានប្រាប់ឲ្យដឹងថា ខ្លួនបានចាត់វិធានការយ៉ាងឆាប់រហ័ស ដើម្បីបញ្ចប់ការបញ្ឈប់ដែលមិនធ្លាប់មានពីមុនមកនេះ ដោយបានប្រកាសថា ខ្លួននឹងស្នើសុំឲ្យក្រុមប្រឹក្សាទំនាក់ទំនងឧស្សាហកម្មរបស់ប្រទេសនេះចេញបទបញ្ជាការងារឡើងវិញ ដែលអាចកើតមានក្នុងរយៈពេល ២ ឬ៣ថ្ងៃទៀត។
រដ្ឋមន្ត្រីក្រសួងការងារ លោក Steven MacKinnon នៅក្នុងសន្និសីទសារព័ត៌មានមួយ បាននិយាយថា វិធានការរបស់លោក មានគោលបំណង «ធានាថា ប្រតិបត្តិការរបស់ក្រុមហ៊ុនផ្លូវដែកទាំង ២នេះ ចាប់ផ្តើមឡើងវិញភ្លាមៗ»។ ជាមួយគ្នានេះ លោកបានប្រកាសពីផែនការរបស់លោកក្នុងការបញ្ជូនស្ថានភាពនេះទៅក្រុមប្រឹក្សាអាជ្ញាកណ្តាលបង្គាប់បញ្ជា៕