រដ្ឋមន្ត្រីការបរទេសថ្មីរបស់អ៊ីរ៉ង់ លោក Abbas Araghchi បាននិយាយថា ប្រទេសអ៊ីរ៉ង់ កំពុងព្យាយាមកាត់បន្ថយភាពតានតឹងក្នុងទំនាក់ទំនងជាមួយសហរដ្ឋអាមេរិក និងបណ្តាប្រទេសអឺរ៉ុប ប៉ុន្តែរំពឹងថា ពួកគេនឹងដកទណ្ឌកម្ម និងស្តារកិច្ចព្រមព្រៀងនុយក្លេអ៊ែរឡើងវិញ។
លោក បាននិយាយនៅក្នុងបទសម្ភាសន៍ជាមួយទីភ្នាក់ងារសារព័ត៌មានក្យូដូ (Kyodo )ថា៖«នៅក្នុងសុន្ទរកថារបស់ខ្ញុំនៅចំពោះមុខសភា ខ្ញុំបានសង្កត់ធ្ងន់ថា វាជារឿងសំខាន់ណាស់ក្នុងការដកទណ្ឌកម្ម ជាពិសេស ទណ្ឌកម្មឯកតោភាគី តាមរយៈការពិភាក្សាដ៏ហ្មត់ចត់ ដោយយកចិត្តទុកដាក់ និងកំណត់ពេលវេលាជាក់លាក់ ខណៈពេលដែលគោរពគោលការណ៍ជាមូលដ្ឋានរបស់ប្រទេសនេះ។
នេះជាលើកទី១ ហើយដែលរដ្ឋមន្ត្រីការបរទេសអ៊ីរ៉ង់ថ្មី បាននិយាយទៅកាន់សារព័ត៌មានបរទេស ចាប់តាំងពីលោក ត្រូវបានតែងតាំងជាផ្លូវការឲ្យកាន់តំណែង បន្ទាប់ពីការអនុម័តរបស់សភា កាលពីថ្ងៃទី ២១ ខែសីហា។
យោងតាមអ្នកការទូតរូបនេះ ក្រសួងការបរទេសក្រោមការដឹកនាំរបស់លោក នឹងព្យាយាមកាត់បន្ថយភាពតានតឹងជាមួយទីក្រុងវ៉ាស៊ីនតោន និងស្តារទំនាក់ទំនងជាមួយអឺរ៉ុបឡើងវិញ ប្រសិនបើពួកគេបោះបង់ចោល «វិធីសាស្រ្តអរិភាព» ក្នុងការចូលរួមរបស់ពួកគេជាមួយទីក្រុងតេអេរ៉ង់ ហើយប្រឹងប្រែងបន្តកិច្ចព្រមព្រៀងនុយក្លេអ៊ែរ និងដកទណ្ឌកម្ម។
លោក Araghchi គឺជាឯកអគ្គរដ្ឋទូតប្រចាំប្រទេសជប៉ុនពីឆ្នាំ ២០០៨ ដល់ឆ្នាំ ២០១១។ នៅក្នុងបទសម្ភាសន៍នោះ លោកក៏បានបញ្ជាក់ផងដែរថា លោកកំពុងទន្ទឹងរង់ចាំការកសាងទំនាក់ទំនងរបស់ទីក្រុង តេអេរ៉ង់ជាមួយទីក្រុងតូក្យូ។