នគរបាលកូរ៉េខាងត្បូង នៅថ្ងៃសុក្រ (ទី២៣ ខែសីហា) នេះ បានប្រាប់ឲ្យដឹងថា អគ្គិភ័យ នៅរោងចក្រផលិតអាគុយលីចូម ដែលបានបណ្ដាលឲ្យមនុស្ស ២៣នាក់ បាត់បង់ជីវិត កាលពីខែមិថុនា បានកើតឡើងនៅពេលដែលក្រុមហ៊ុនបានធ្វើការផលិតឥតឈប់ឈរ ដើម្បីឲ្យទាន់កាលកំណត់ ដោយមិនបានចាត់វិធានការ ដើម្បីដោះស្រាយនូវសញ្ញានៃកំហុសឆ្គងគុណភាពដ៏គ្រោះថ្នាក់។
នគរបាលបាន និងកំពុងដំណើរការស៊ើបអង្កេតអគ្គិភ័យ នៅក្រុមហ៊ុនផលិតអាគុយ Aricell ដែលជាឧប្បត្តិហេតុមួយ ក្នុងចំណោមហេតុការណ៍គ្រោះថ្នាក់ផ្នែកឧស្សាហកម្មដ៏អាក្រក់បំផុតរបស់ប្រទេសកូរ៉េខាងត្បូង ក្នុងរយៈពេលប៉ុន្មានឆ្នាំថ្មីៗនេះ ដោយសង្ស័យថា មានការរំលោភលើនីតិវិធីសុវត្ថិភាព បន្ទាប់ពីបានបញ្ជាឲ្យផ្អាកប្រតិបត្តិការ។
មន្ត្រីនគរបាលលោក Kim Jong-min បាននិយាយថា ក្រុមហ៊ុនមិនបានត្រួតពិនិត្យគុណភាពនោះទេ កាលពីខែមេសា ចំពោះអាគុយដែលត្រូវបានផលិត ក្នុងគោលបំណងផ្គត់ផ្គង់ដល់យោធារបស់ប្រទេស ហើយក្រោយមក បានបង្កើនចំនួនការផលិតឲ្យបានច្រើន ដើម្បីឲ្យទាន់តាមកាលកំណត់។ លោក Kim បានប្រាប់ថា ក្រុមហ៊ុនបានជួលកម្មករបណ្ដោះអាសន្ន និងគ្មានជំនាញ ដែលរួមចំណែកដល់ការកើនឡើងនូវកម្រិតកំហុសឆ្គងនៃផលិតផល ក្នុងនោះរួមទាំងការឡើងកម្ដៅរបស់អាគុយដែលបានផលិតរួចហើយ ប៉ុន្តែមិនបានចាត់វិធានការ ដើម្បីទប់ស្កាត់ហានិភ័យសុវត្ថិភាពនោះឡើយ។
ការហៅទូរសព្ទទៅកាន់ក្រុមហ៊ុន Aricell ដើម្បីសុំការអត្ថាធិប្បាយ បន្ទាប់ពីមានការប្រកាសរបស់នគរបាលនេះ មិនទទួលបានការឆ្លើយតបភ្លាមៗទេ ប៉ុន្តែនៅមុននេះ ក្រុមហ៊ុនបានបញ្ជាក់ថា ខ្លួនបានអនុវត្តតាមការប្រុងប្រយ័ត្នសុវត្ថិភាព និងការបណ្តុះបណ្តាលដែលត្រូវបានតម្រូវទាំងអស់៕