បុរសម្នាក់ដែលរងការចោទប្រកាន់ក្នុងករណីចាប់រំលោភសម្លាប់គ្រូពេទ្យហាត់ការនៅទីក្រុងភាគខាងកើត Kolkata ប្រទេសឥណ្ឌា គឺលោក Sanjay Roy ត្រូវបាននាំទៅកាន់តុលាការ សម្រាប់ការបើកសវនាការនៅថ្ងៃសុក្រនេះ ស្របពេលមានការរឹតបន្តឹងសន្តិសុខខ្លាំង ។
ឧបទ្ទេវហេតុដែលបានកើតឡើងកាលពីថ្ងៃទី ៩ ខែសីហា នៅទីក្រុង Kolkata បង្កឲ្យមានការទាមទាររកយុត្តិធម៌សម្រាប់ជនរងគ្រោះ ហើយនិងសុវត្ថិភាពខ្លាំងជាងនេះសម្រាប់ស្រ្តីនៅក្នុងមន្ទីរពេទ្យ ក្នុងនោះក្រុមគ្រូពេទ្យ នៅតាមទីកន្លែងជាច្រើន បដិសេធន៍មិនព្យាបាលអ្នកជំងឺមិនធ្ងន់ធ្ងរ ។
ខណៈពេលនោះដែរ ក្រុមអ្នកគាំទ្រ និងក្រុមបុគ្គលិកគណបក្ស Bharatiya Janata ដែលកំពុងកាន់អំណាចរបស់ប្រទេសឥណ្ឌា បានធ្វើបាតុកម្មដោយហិង្សា កាលពីថ្ងៃព្រហស្បតិ៍ ប្រឆាំងការរំលោភ និងសម្លាប់គ្រូពេទ្យហាត់ការម្នាក់នេះ ។
ក្រុមបាតុករនាំគ្នាស្រែកពាក្យស្លោក ខណៈពួកគេឈរនៅលើរថយន្តនគរបាល និងបានទម្លាយរបាំងការពារ ដើម្បីទាមទារឲ្យលោកស្រី Mamata Banerjee រដ្ឋមន្ត្រីប្រចាំរដ្ឋ West Bengal លាចេញពីតំណែង ហើយកំហឹងបានផ្ទុះឡើងនៅទូទាំងប្រទេសឥណ្ឌា ជុំវិញអំពើហិង្សាកើនឡើងលើស្ត្រីនៅក្នុងប្រទេសមួយនេះ ។
គួររំឭកថា នគរបាលស្ម័គ្រចិត្តម្នាក់ ត្រូវបានចាប់ខ្លួនក្នុងករណីបទឧក្រិដ្ឋ ហើយនគរបាល បានបើកការស៊ើបអង្កេតលើករណីមួយនេះ ។
កំហឹងសាធារណជន និងបាតុកម្មប្រឆាំងអំពើហិង្សាលើស្រ្តីនេះដែរ បានធ្វើឲ្យគេនឹកឃើញដល់ករណីចាប់រំលោភបូកលើនិស្សិតវ័យ ២៣ឆ្នាំម្នាក់នៅលើរថយន្តក្រុង ក្នុងរដ្ឋធានីញូវ ដែល្លី កាលពីឆ្នាំ ២០១២ ៕