ទីបញ្ជាការកណ្តាលអាមេរិក (CENTCOM) បានរាយការណ៍ថា យោធាអាមេរិក បានបំផ្លាញយានដ្រូន ចំនួន បីគ្រឿងរបស់ចលនាឧទ្ទាម Ansar Allah (ហ៊ូទី) នៅប្រទេសយេម៉ែន។
CENTCOM បាននិយាយនៅលើបណ្តាញសង្គម X ថា៖«ក្នុងរយៈពេល ២៤ម៉ោងកន្លងទៅ កងកម្លាំងទីបញ្ជាការកណ្តាលសហរដ្ឋអាមេរិក (USCENTCOM) បានបំផ្លាញដោយជោគជ័យនូវយានដ្រូនចំនួនពីរគ្រឿងរបស់ក្រុមហ៊ួទី នៅពីខាងលើសមុទ្រក្រហម និងយានដ្រូនគ្រឿងទៀត នៅក្នុងតំបន់ដែលគ្រប់គ្រងដោយហ៊ួទីនៃប្រទេសយេម៉ែន»។
បន្ទាប់ពីការកើនឡើងនៃជម្លោះនៅតំបន់ហ្កាហ្សាស្ទ្រីប ចលនា Ansar Allah បានព្រមានថា ខ្លួននឹងវាយប្រហារលើទឹកដីអ៊ីស្រាអែល និងរារាំងនាវាដែលពាក់ព័ន្ធមិនឲ្យធ្វើដំណើរឆ្លងកាត់សមុទ្រក្រហម និងច្រកសមុទ្រ Bab el-Mandeb ដរាបណាប្រតិបត្តិការនៅក្នុងដែនដីប៉ាឡេស្ទីន នៅតែបន្ត។ តាំងពីខែវិច្ឆិកា ឆ្នាំមុន ក្រុមហ៊ួទី បាននិងកំពុងវាយប្រហារលើកនាវាស៊ីវិលនៅសមុទ្រក្រហម និងឈូងសមុទ្រ Aden។