ភ្នំពេញ ៖ គណៈបញ្ជាការឯកភាពរដ្ឋបាលខណ្ឌដឹកនាំដោយ លោក ម៉ូវ ម៉ានិត អភិបាលខណ្ឌសែនសុខ បានដឹកនាំកំលាំងចុះល្បាតបានជួបប្រទះឃើញមានការជួបជុំគ្នាលេងបាល់ទះ និងលេងស្នុកឃ័រ ផ្ទុយទៅ និងសេចក្តីសម្រេចរបស់រដ្ឋបាលរាជធានីភ្នំពេញ បានធ្វើការឃាត់ខ្លួនមនុស្ស ៣១នាក់ បញ្ជូនទៅកាន់អធិការដ្ឋាននគរបាលខណ្ឌសែនសុខ ដើម្បីអនុវត្តនតាមនីតិវិធី។
ករណីឃាត់ខ្លួននេះ កាលពីព្រលប់ថ្ងៃទី១៣ ខែកញ្ញាម្សិលមិញ នៅចំណុចតារាងបាល់ទះ មួយកន្លែង ភូមិដំណាក់ សង្កាត់គោកឃ្លាង ខណ្ឌសែនសុខ រាជធានីភ្នំពេញ ។
អាជ្ញាធរខណ្ឌសែនសុខ ប្រាប់ឲ្យដឹងថា ក្នុងរយះពេលនេះរាជរដ្ឋាភិបាលកម្ពុជា ក៏ដូចជាក្រសួង សុខាភិបាលនៃព្រះរាជាណាចក្រកម្ពុជាកំពុងតែងខិតខំប្រឹងប្រែងបើកយុទ្ធនាការប្រយុទ្ធប្រឆាំងទៅជំងឺកូវីដ-១៩ ជាពិសេសជំងឺបំប្លែងថ្មី ( Delta) ពីព្រោះថា ជម្ងឺដ៏សាហាវមួយនេះ កំពុងរីករាលដាលយ៉ាងធ្ងន់ធ្ងរចូលទៅដល់សហគមន៍ ។
សូមជម្រាបជូនអោយដឹងថា រដ្ឋបាលរាជធានីភ្នំពេញ បានបន្តដាក់ចេញនូវវិធានការរដ្ឋបាល ដោយផ្អាកជាបណ្ដោះអាសន៍ចំពោះសកម្មភាពការងារ មុខរបរ ឬ អាជីវកម្មដែលមានហានិភ័យខ្ពស់នៃការឆ្លងរាលដាលជំងឺកូវីដ-១៩ និងការជួបជុំ ឬ ការប្រមូលផ្តុំ មនុស្សជាលក្ខណៈឯកជន នៅក្នុងភូមិសាស្រ្តរាជធានីភ្នំពេញ សម្រាប់រយៈពេល ១៤ (ដប់បួន) ថ្ងៃ គិតចាប់ពីថ្ងៃទី១០ ខែកញ្ញា ឆ្នាំ២០២១ រហូតដល់ថ្ងៃទី២៣ ខែកញ្ញា ឆ្នាំ២០២១។
ក្នុងអំឡុងពេលនៃការបន្តដាក់ចេញវិធានការរដ្ឋបាល ត្រូវបានផ្អាកជាបណ្ដោះអាសន្នចំពោះសកម្មភាព ការងារ មុខរបរ ដេប៉ូ អាជីវកម្មដែលមានហានិភ័យខ្ពស់នៃការឆ្លងរាលដាលជំងឺកូវីដ-១៩ ។
ក្នុងអំឡុងពេលនៃការបន្តដាក់ចេញវិធានការរដ្ឋបាល ត្រូវបានផ្អាកជាបណ្ដោះអាសន្នការជួបជុំ ឬ ការប្រមូលផ្តុំ មនុស្សជាលក្ខណៈឯកជនដែលមានមនុស្សចូលរួមលើសពី១៥ នាក់ ៕
អត្ថបទ ៖ តារាវុទ្ធី


