និយ័តករថាមពលអង់គ្លេស Ofgem នៅថ្ងៃសុក្រនេះ បានដំឡើងតម្លៃថាមពលគ្រួសារចំនួន ១០ភាគរយ ចាប់ពីថ្ងៃទី ១ ខែតុលាតទៅ ឡើងដល់កម្រិតប្រចាំឆ្នាំ ២.២៥០ដុល្លារ គឺជាការឡើងថ្លៃមួយបណ្តាលមកពីស្ថានភាពអាកាសធាតុក្តៅខ្លាំង និងជម្លោះភូមិសាស្រ្តនយោបាយ ដូចជាសង្រ្គាមនៅអ៊ុយក្រែន ។
លោក Ed Miliband គឺជារដ្ឋមន្រ្តីក្រសួងថាមពលអង់គ្លេសនិយាយថា ការឡើងថ្លៃនេះ គឺជាលទ្ធផលផ្ទាល់នៃគោលនយោបាយថាមពលរបស់រដ្ឋាភិបាលអភិរក្សនិយមលើកមុន ។
ការឡើងថ្លៃ ១០ភាគ សម្រាប់គ្រួសារធម្មតានេះ មានចំនួនលើសតិចតួចពីការព្យាករណ៍របស់ក្រុមអ្នកវិភាគ ។
ក្រុមប្រឹក្សាថាមពល Cornwall Insight បាននិយាយកាលពីថ្ងៃចន្ទថា កម្រិតត្រូវបានគេរំពឹងថានឹងកើនឡើង ៩ភាគរយ ដោយសារតែតម្លៃទីផ្សារលក់ដុំឧស្ម័ន និងអគ្គិសនី ដែលបានហក់ឡើងខ្ពស់នៅក្នុងរយៈពេលប៉ុន្មានខែកន្លងមកនេះ ។
ក្រុមអ្នកវិភាគ Cornwall Insight និយាយថា វិធានការនឹងត្រូវណែនាំ ដើម្បីការពារភាពងាយរងគ្រោះពីការកើនឡើងថ្លៃថាមពល ហើយក្នុងលក្ខខណ្ឌយូរអង្វែង ការផ្លាស់ប្តូរឆ្ពោះទៅរកថាមពលបង្កើតឡើងក្នុងផ្ទះប្រកបដោយនិរន្តរភាព ត្រូវការ ដើម្បីកាត់បន្ថយភាពងាយរងគ្រោះរបស់អង់គ្លេសចំពោះការឡើងថ្លៃអន្តរជាតិ ៕