នាយករដ្ឋមន្ត្រីអ៊ីរ៉ាក់ លោក Mohammed Shia' al-Sudani និង រដ្ឋមន្ត្រីការបរទេសអារ៉ាប៊ីសាអ៊ូឌីតដែលកំពុងបំពេញទស្សនកិច្ច លោក Faisal bin Farhan Al Saud បានពិភាក្សាគ្នាកាលពីថ្ងៃព្រហស្បតិ៍អំពីការវិវឌ្ឍក្នុងតំបន់ និងបានជំរុញរួមគ្នាឲ្យមានបទឈប់បាញ់ នៅតំបន់ហ្កាហ្សា។
ភាគីទាំងពីរ បានពិនិត្យមើលការវិវឌ្ឍសំខាន់ៗនៅមជ្ឈិមបូព៌ា រួមទាំងការឈ្លានពានដែលកំពុងបន្តនៅតំបន់ហ្កាហ្សាស្ទ្រីប និងបានសង្កត់ធ្ងន់លើសារៈសំខាន់នៃការបន្តកិច្ចខិតខំប្រឹងប្រែងរួមគ្នា និងការសម្របសម្រួលនៃសកម្មភាពរបស់អារ៉ាប់ និងអន្តរជាតិ ដើម្បីបញ្ឈប់ការឈ្លានពាន។ នេះបើយោងតាមសេចក្តីថ្លែងការណ៍ចេញផ្សាយដោយការិយាល័យប្រព័ន្ធផ្សព្វផ្សាយរបស់លោក al-Sudani។
សេចក្តីថ្លែងការណ៍ បាននិយាយថា លោក Al-Sudani បានជំរុញសហគមន៍អន្តរជាតិ ឲ្យដើរតួនាទីរបស់ខ្លួនយ៉ាងពេញលេញក្នុងការទប់ស្កាត់ «អំពើប្រល័យពូជសាសន៍» ដែលកំពុងកើតមានលើប្រជាជនប៉ាឡេស្ទីន អស់រយៈពេលជាង ១០ខែហើយនោះ។
សេចក្តីថ្លែងការណ៍ បានបន្ថែមថា ភាគីទាំងពីរ ក៏បានពិភាក្សាអំពីទស្សនវិស័យសម្រាប់ការអភិវឌ្ឍ បន្ថែមទៀតលើវិស័យផ្សេងៗ ជាពិសេសក្នុងកិច្ចសហប្រតិបត្តិការផ្នែកនយោបាយ និងសេដ្ឋកិច្ច និងការធ្វើឲ្យ មានសកម្មភាពនៃក្រុមប្រឹក្សាសម្របសម្រួលអ៊ីរ៉ាក់-អារ៉ាប៊ីសាអ៊ូឌីត ដើម្បីសម្រេចបាននូវអត្ថប្រយោជន៍ និងផលប្រយោជន៍រួមសម្រាប់ប្រទេសទាំងពីរ។