នគរបាល នៅថ្ងៃសុក្រ (ទី២៣ ខែសីហា) នេះ បានប្រាប់ឲ្យដឹងថា បំណាក់ដីដែលបង្កឡើងដោយភ្លៀងធ្លាក់ខ្លាំង នៅលើកោះរមណីយដ្ឋានដ៏ពេញនិយមរបស់ប្រទេសថៃ គឺភូកេត បានបណ្ដាលឲ្យមនុស្សយ៉ាងហោចណាស់ ៥នាក់ បាត់បង់ជីវិត។
ស្នងការនគរបាលមូលដ្ឋាន គឺលោក Khundech Na Nongkhai (ឃុនដេត ណា ណងខៃ) បានប្រាប់សារព័ត៌មាន AFP ថា ប្តីប្រពន្ធជនជាតិរុស្សីមួយគូដែលកំពុងសម្រាកវិស្សមកាល គឺស្ថិតនៅក្នុងចំណោមអ្នកស្លាប់ទាំងនោះ។
លោក ឃុនដេត បានប្រាប់ថា៖ «ភ្លៀងធ្លាក់យ៉ាងខ្លាំងដែលបានចាប់ផ្តើមនៅវេលាម៉ោង ២ទៀបភ្លឺ (ម៉ោង ក្នុងស្រុក) កាលពីយប់មិញ បានបង្កឲ្យមានបំណាក់ដីដែលបានបំផ្លាញផ្ទះសម្បែងជាច្រើនខ្នង។ អ្នកដែលរស់នៅក្នុងតំបន់នោះ មានការតក់ស្លុតយ៉ាងខ្លាំង»។
ហើយលោកបានន្ថែមថា បំណាក់ដីបានកើតមាននៅក្នុងតំបន់លំនៅឋានមួយនៃកោះភូកេតនេះ ដែលជាទីតាំងមានសណ្ឋាគារ និងផ្ទះល្វែង សម្រាប់ជួល។
គួរបញ្ជាក់ថា ប្រទេសថៃបានជួបប្រទះនឹងភ្លៀងរដូវមូសុងយ៉ាងខ្លាំងក្លា ក្នុងរយៈពេល ១សប្តាហ៍ចុងក្រោយនេះ ដែលប៉ះពាល់យ៉ាងធ្ងន់ធ្ងរលើឆ្នេរភាគខាងត្បូង និងតំបន់នៅភាគខាងជើងប្រទេស។ ហើយយោងតាមក្រសួងសុខាភិបាល បានឲ្យដឹងថា គ្រោះទឹកជំនន់ បានសម្លាប់មនុស្ស ៥នាក់ ក្នុងរយៈពេល ១ខែកន្លងមកនេះ ហើយ ៣២នាក់ផ្សេងទៀតរងរបួស។
សម្រាប់នៅកោះភូកេត លោក ឈុនដេត បានបញ្ជាក់ថា បុគ្គលិកយោធា ក្រុមអ្នកស្ម័គ្រចិត្ត និងនគរបាល ត្រូវបានដាក់ពង្រាយ ដើម្បីស្វែងរកជនរងគ្រោះផ្សេងទៀត ប៉ុន្តែប៉ាន់ស្មានថា ភ្លៀងធ្លាក់ខ្លាំង អាចរារាំងដល់ប្រតិបត្តិការនេះ៕