នៅថ្ងៃសុក្រនេះ ក្រុមជួយសង្រ្គោះរួមទាំងកងទ័ពនេប៉ាល់ បានទាញសាកសព និងអ្នករស់រានឡើងលើគោក ក្រោយរថយន្តក្រុងដឹកភ្ញៀវទេសចរជនជាតិឥណ្ឌា ៤០នាក់ បានបើកធ្លាក់ដាំក្បាលចូលទន្លេនៅប្រទេសនេប៉ាល់ ។
ក្រុមនគបាល និងកងទ័ព បានចុះតាមជណ្តើរដែក ដើម្បីទៅដល់ទន្លេ ដោយប្រើប្រាស់ខ្សែពួរទាញសាកសព និងអ្នករងរបួសឡើងលើគោក ។
សារព័ត៌មាន បានរាយការណ៍ថា មនុស្សយ៉ាងហោច ១៤នាក់ បានស្លាប់នៅក្នុងឧបទ្ទវហេតុគ្រោះថ្នាក់មួយនេះ ខណៈមនុស្ស ១៦នាក់ផ្សេងទៀត រងរបួស ។
យោងតាមការអះអាងរបស់ម្ចាស់សណ្ឋាគារជាទីដែលភ្ញៀវទេសចរទាំងអស់នេះស្នាក់នៅ បានឲ្យដឹងថា រថយន្តក្រុងដែលចុះបញ្ជីនៅប្រទេសឥណ្ឌានេះ បានធ្វើដំណើរឆ្ពោះទៅកាន់ទីក្រុ Kathmandu ប្រទេសនេប៉ាល់ ចេញពីទីក្រុងទេសចរណ៍ Pokhara ស្ថិតនៅភាគកណ្តាលប្រទេសនេប៉ាល់ ។
សូមបញ្ជាក់ថា ស្ថានភាពផ្លូវនៅតំបន់ភ្នំ អាចជាការប្រឈមដ៏លំបាកមួយសម្រាប់អ្នកបើកបរ ពេលដែលផ្លូវទាំងនោះ មានសភាពតូចចង្អៀត និងគ្រោះថ្នាក់ខ្លាំង បង្កការលំបាកកាន់តែខ្លាំងដល់រថយន្តធំៗនៅពេលពួកគេបើកដល់ផ្លូវកោងចោទ ៕


