ក្រសួងដឹកជញ្ជូនរបស់រុស្ស៊ី នោថ្ងៃសុក្រ (ទី២៣ ខែសីហា) នេះ បានប្រាប់ឲ្យដឹងថា ប្រទេសរបស់ខ្លួនបានផ្អាកសេវាកម្មដឹកជញ្ជូនតាមស្រឡាង ឬនាវាចម្លង រវាងភាគខាងត្បូងនៃប្រទេសរុស្ស៊ី និងតំបន់គ្រីម៉ា បន្ទាប់ពីការវាយប្រហាររបស់អ៊ុយក្រែន កាលពីថ្ងៃមុន បានធ្លាក់ចំនាវាដែលផ្ទុកទៅដោយរថយន្តរត់លើផ្លូវដែកដែលដឹកប្រេងឥន្ធនៈ។
គួរបញ្ជាក់ថា កងទ័ពជើងទឹកអ៊ុយក្រែន នៅថ្ងៃសុក្រនេះ បាននិយាយថា ខ្លួនបានបំផ្លាញស្រឡាង នៅកំពង់ផែ Kavkaz ក្នុងតំបន់ Krasnodar របស់ប្រទេសរុស្ស៊ី ដែលជាកន្លែងស្តុកដ៏ធំបំផុតមួយរបស់រុស្ស៊ី នៅសមុទ្រខ្មៅ ដែលខ្លួនបាននិយាយថា ត្រូវបានប្រើប្រាស់ដើម្បីដឹកជញ្ជូនឥន្ធនៈ និងសព្វាវុធទៅកាន់តំបន់គ្រីម៉ា ជាដែនដីដែលរុស្ស៊ីបានរឹបអូស និងបញ្ចូលជាឧបសម្ព័ន្ធពីអ៊ុយក្រែន ក្នុងឆ្នាំ២០១៤។
ក្រសួងដឹកជញ្ជូនរុស្ស៊ី បានឲ្យដឹងនៅក្នុងសេចក្តីថ្លែងការណ៍មួយថា សេវាកម្មស្រឡាងទៅកាន់តំបន់គ្រីម៉ាត្រូវបានផ្អាកជាបណ្តោះអាសន្ន ខណៈពេលដែលការងារយកកម្ទេចកម្ទីចេញ ត្រូវបានធ្វើឡើង។ ក្រសួងបានបន្ថែមថា ជម្រើសដឹកតាមផ្លូវគោក អាចត្រូវបានធ្វើឡើង ដើម្បីបញ្ជូនទំនិញទៅកាន់តំបន់គ្រីម៉ា ក្នុងពេលនេះ។
ទីភ្នាក់ងារសារព័ត៌មានរដ្ឋ RIA ដែលដកស្រង់សម្ដីពីសេវាសង្គ្រោះបន្ទាន់ បានឲ្យដឹងថា អគ្គិភ័យដែលបង្កឡើងដោយការវាយប្រហាររបស់អ៊ុយក្រែន «ជាក់ស្តែង» មិនប៉ះពាល់ដល់ហេដ្ឋារចនាសម្ព័ន្ធរបស់កំពង់ផែនោះទេ ប៉ុន្តែស្រឡាងដែលរងការវាយប្រហារដោយអ៊ុយក្រែន បានលិចទឹកពាក់កណ្តាលតួ។ តែអាជ្ញាធរមូលដ្ឋាន បាននិយាយថា នៅមុននេះវាបានលិចបាត់ទាំងស្រុងហើយ៕